បន្ទាប់ពីផ្ទុះរឿងទំនាស់ស្នេហាឈានរហូតដល់កើតអំពើហិង្សា និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម មហាជនលើកជាចំណោទថា បើអ្នកនាង សុទ្ធ បញ្ចកា ពិតជាមានទំនាក់ទំនង ឬលេងចាក់ទឹកដូងជាមួយបុរសផ្សេង ក្នុងកំឡុងដែលខ្លួនបានរួមរស់ជាមួយ អេដវីដ តើត្រូវប្រឈមនឹងផ្លូវច្បាប់ដែរឬទេ? ត្រយង ឆ្លើយដោយខ្លីថា បើអ្នកទាំងពីរពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធស្របច្បាប់ មិនអាចចងសិទ្ធិភាគីណាមួយបានទេ ពោលគឺ ពុំអាចដាក់បន្ទុកថា បានប្រព្រឹត្តិអំពើផិតក្បត់ដែលមានចែងក្នុងច្បាប់បានឡើយ។ ករណីនេះ អាចជាកំហុសសីលធម៌ មនសិការ ដែលភាគីណាមួយខ្វះភាពស្មោះត្រង់ ភក្ដីភាពរវាងគ្នានិងគ្នា។
ទន្ទឹមនេះ ក៏មានការចោទសួរដែរថា ចុះបើ អេដវីដ ប្រើអំពើហិង្សាលើ សុទ្ធ បញ្ចកា តើទទួលខុសត្រូវចំពោះមុខច្បាប់ដែរឬយ៉ាងណា? ចំណុចនេះ ទោះគ្មានសំបុត្រអាពាហ៍ពិពាហ៍ អំពើប្រព្រឹត្តិលើបុគ្គលដែលគ្មានទំនាក់ទំនងគ្នាក៏ដោយ អំពើនេះជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស។ ប្រសិនបើរកឃើញថា អេដវីន ពិតប្រើអំពើហិង្សាមែន ហើយភាគីរងគ្រោះប្ដឹងទៅសមត្ថកិច្ច ឬតុលាការ ភាគីបង្កអាចប្រឈមនឹងការកសាងសំណុំរឿងករណី ហិង្សាដោយសហព័ទ្ធ(ប្ដីឬប្រពន្ធ) ឬអនីតិសង្វាស់ជន(នៅជាមួយគ្នាជាលក្ខណៈប្ដីប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។
ករណីនេះ ប្រសិនបើនាងជាជនរងគ្រោះ ពុំអាចទៅដាក់ពាក្យប្ដឹងនៅសមត្ថកិច្ច ឬតុលាការបាន ដោយកំពុងព្យាបាល បានត្រឹមតែបង្ហោះតាមបណ្ដាញសង្គម តើសមត្ថកិច្ច(នគរបាល ឬអាវុធហត្ថ) ឬតុលាការ មានសិទ្ធិចាត់ការដែរឬទេ? ជារួម បើសមត្ថកិច្ច ឬតុលាការ(អយ្យការ) បានដឹងបានឃើញថាមានបទល្មើសព្រហ្មទណ្ឌកើតឡើង គេអាចធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំរឿងបាន ដោយចុះទៅជួបជនរងគ្រោះធ្វើកំណត់ហេតុបំភ្លឺ និងកោះហៅជនសង្ស័យ មកធ្វើកំណត់ហេតុស្ដាប់ចម្លើយ។ លើសពីនេះ អាចប្រមូលព័ត៌មានផ្សេងៗពីបុគ្គលទាំងឡាយណាដែលអាចផ្ដល់ព័ត៌មានបានថែមទៀត។
ត្រយង សូមបញ្ជាក់ថា ករណីព្រហ្មទណ្ឌ ទោះជាជនរងគ្រោះពុំបានដាក់ពាក្យប្ដឹងក៏ដោយ ក៏សមត្ថកិច្ច ឬអយ្យការ (ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង) មានសិទ្ធិដំណើរក្ដីបានដែរ ព្រោះអយ្យការជាម្ចាស់បណ្ដឹងអាជ្ញា ឬម្ចាស់បណ្ដឹងព្រហ្មទណ្ឌ។ ចំណែកជនរងគ្រោះ ពុំមែនជាម្ចាស់បណ្ដឹងអាជ្ញា ឬម្ចាស់បណ្ដឹងព្រហ្មទណ្ឌនោះទេ។ ជនរងគ្រោះ ត្រឹមជាម្ចាស់បណ្ដឹងរដ្ឋប្បវេណី ទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តប៉ុណ្ណោះ។
ដូច្នេះ ប្ដឹងមិនប្ដឹង ជារឿងផលប្រយោជន៍ឯកជនរបស់ជនរងគ្រោះ។ បើមិនប្ដឹង ច្បាប់ចាត់ទុកថាជនរងគ្រោះបោះបង់ប្រយោជន៍នោះចោល។ តែរឿងព្រហ្មទណ្ឌ(បទល្មើសក្នុងសង្គម) សមត្ថកិច្ច ឬអយ្យការអាចចាត់ការបានជាដរាប៕