ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបាលទាត់បឹងកេត នឹងជួបប្រកួតមិត្តភាពអន្តរជាតិដើម្បីដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិប Shonan Bellmare នៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ៣រសៀលល្ងាចនេះ ក្នុងកីឡដ្ឋាន Cambodia Airways។
![](https://cdn.troryorng.com/wp-content/uploads/2022/12/28050329/rtytye-1024x683.jpg)
ការប្រកួតមិត្តភាពអន្តរជាតិដើម្បីដកស្រង់បច្ចេកទេសនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្លិបបឹងកេត និង Shonan Bellmare បន្ទាប់ពីប្រកួតជាមួយយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត ក្រុមយុវជនរបស់ក្លិប Shonan Bellmare ក៏ត្រូវប្រកួតមិត្តភាពជាមួយក្រុមយុវជនបាទីផងដែរនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ ស្ថិតនៅទីតាំងក្នុងកីឡដ្ឋាន Cambodia Airways។
រំលឹកថា ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិប Shonan Bellmare បានមកដល់កម្ពុជា កាលពីថ្ងៃ ទី២៥ ខែធ្នូ។ ពួកគេក៏គ្រោងទៅទស្សនាការប្រកួត AFF Cup រវាងកម្ពុជា និងប្រ៊ុយណេ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
![](https://cdn.troryorng.com/wp-content/uploads/2022/12/28050230/nbm-1024x768.jpg)
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្លិបបាល់ទាត់បឹងកេត និងក្លិបបាល់ទាត់ SHONAN BELLMARE ដែលជាសមាជិកនៃក្របខ័ណ្ឌលីគកំពូលជប៉ុន ( J-LEAGUE ) កីឡាករមានសក្តានុពលពីររូប ពីក្រុមយុវជនថ្នាលរបស់បឹងកេត គឺអ្នកចាំទី IMMANOEL OSAMOJE និង ខ្សែប្រយុទ្ធ ស្រ៊េន មិនា ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍អំពីការហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេ ហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ក្លិប SHONAN BELLARE អាយុក្រោម ១៨ឆ្នាំ ថែមទៀតផង៕
![](https://cdn.troryorng.com/wp-content/uploads/2022/12/28050328/hhh-1-929x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/11/28061227/Troryorng-Telegram-1-1024x126-1-1.jpg)