មន្រ្តីអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសនានាគួរតែពិចារណាណែនាំអ្នកដំណើរពាក់ម៉ាស់ នៅលើជើងហោះហើរផ្លូវឆ្ងាយ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទ Omicron ចុងក្រោយបង្អស់នៃជំងឺកូវីដ១៩ បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ១១ ខែ មករា ឆ្នាំ ២០២៣។
មន្រ្តីអង្គការសុខភាពពិភពលោក និង អឺរ៉ុប បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទម្រង់បំប្លែងខ្លួនថ្មី XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួច ប៉ុន្ដែបានកើនឡើងជាប្រចាំ។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043200/1-8.jpg)
ដោយឡែកមន្រ្តីសង្រ្គោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានណែនាំឲ្យពាក់ម៉ាស់នៅកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរណាដែលមានផ្លូវឆ្ងាយជាដើម ដោយបន្ថែមថា នេះគួរតែជាការណែនាំដែលចេញដល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែងដែលមានការរីករាលនៃជំងឺកូវីដ១៩។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043200/covid-news-live-who-urges-travellers-to-wear-masks-as-new-covid-19-variant-spreads.webp)
មន្រ្តីសុខាភិបាលបាននិយាយថា ទម្រង់ XBB.1.5 ជាប្រភេទរងរបស់មេរោគ Omicron ដែលអាចឆ្លងបានច្រើនបំផុតដោយត្រូវបានរកឃើញរហូតមកដល់ពេលនេះ មានចំនួន ២៧.៦ភាគរយ នៃករណីកូវីដ១៩ នៅសហរដ្ឋអាមេរិក។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043158/mask.jpg)
វានៅតែមិនច្បាស់ទេថា តើទម្រង XBB.1.5 នឹងបង្កឲ្យមានរលកនៃការឆ្លងជាសកលដែរឬអត់ទេ។ អ្នកជំនាញនិយាយថា វ៉ាក់សាំងបច្ចុប្បន្ននៅតែបន្ដការពារប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ការស្លាប់។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043159/virus_outbreak_china_66799-be6cc-1673275534.jpg)
លោកស្រី Smallwood បាននិយាយថា បណ្ដាប្រទេសនានា ត្រូវពិនិត្យមើលមូលដ្ឋានភស្ដុតាង សម្រាប់ការធ្វើតេស្ដមុនពេលចេញដំណើរ ដោយបន្ថែមថា វាជារឿងសំខាន់ដែលមិនត្រូវផ្ដោតទាំងស្រុង លើតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយនោះទេ៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)