ញូវដែលី៖ យ៉ាងហោចណាស់មនុស្ស ១១៦នាក់ ភាគច្រើនជាស្ត្រី និងកុមារ បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅក្នុងពិធីជួបជុំសាសនាហិណ្ឌូ នៅភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ដែលជាសោកនាដកម្មដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤។

ការរត់ជាន់គ្នាបានកើតឡើងនៅក្នុងភូមិមួយក្នុងស្រុក Hathras រដ្ឋ Utter Pradesh ចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី ជាកន្លែងដែលអាជ្ញាធរបាននិយាយថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីវាលក្រោមកម្ដៅសីតុណ្ហភាពក្ដៅនាពេលរសៀល។

លោក Yogi Adityanath ប្រមុខរដ្ឋ Uttar Pradesh ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា បាននិយាយថា ការរត់ជាន់គ្នាបានកើតឡើងនៅពេលដែលហ្វូងអ្នកកាន់សាសនា ចាប់ផ្តើមរុញគ្នាទៅកាន់ឆាកសាសនា ដើម្បីប៉ះមេដឹកនាំសាសនាដែលកំពុងចុះមក។

ខណៈមូលហេតុនៅមិនទាន់ច្បាស់ ភ្លាមៗនោះ អភិបាលស្រុក Hathras លោក Ashish Kumar បានប្រាប់អ្នកសារព័ត៌មានថា «ហេតុការណ៍នេះ ប្រហែលបានកើតឡើងដោយសារតែមានមនុស្សច្រើនកុះករ នៅពេលដែលពួកគេកំពុងព្យាយាមចាកចេញពីទីនោះ»។

ទាក់ទិននឹងបញ្ហានេះ ប៉ូលីសបាននិយាយថា «ពួកគេបានបើកការស៊ើបអង្កេត និងបានសន្យាថា នឹងចាត់វិធានការប្រឆាំងនឹងនរណាម្នាក់ដែលរកឃើញថាជាមេខ្លោងដើម្បីមកទទួលខុសត្រូវ ដោយបន្ថែមថា ការប្រមូលផ្ដុំក្នុងពិធីនេះ ប្រហែលជាមានទំហំធំ និងច្រើនជាងពេលការអនុញ្ញាតឱ្យជួបជុំ»។

បើតាមសាក្សីម្នាក់ ឈ្មោះ Suresh Chandra បានឱ្យដឹងថា «ច្បាស់ជាមានមនុស្សប្រហែល ៥០,០០០នាក់កំពុងជួបជុំគ្នា ហើយមានផ្លូវចេញតូចចង្អៀតនៅកន្លែងកើតហេតុ ដោយបង្កឱ្យមានភាពច្របូកច្របល់ និងមានការរត់ជាន់គ្នាតែម្ដង»។

ក្រោយកើតហេតុការណ៍សោកនាដកម្មដ៏អាក្រក់នេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ កំពុងជួយរដ្ឋ ហើយបានប្រកាសផ្ដល់សំណង់ចំនួន ២០០,០០០រូពី (ស្មើនឹង ២,៤០០ដុល្លារអាមេរិក) ដល់គ្រួសារអ្នកស្លាប់ និងផ្ដល់ទឹកប្រាក់ចំនួន ៥០,០០០រូពី សម្រាប់អ្នករងរបួស។

សូមជម្រាបថា យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ការរត់ជាន់គ្នានៅភាគកណ្តាលប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៣ បានសម្លាប់មនុស្ស ១១៥នាក់ ខណៈមនុស្សជិត ២៥០នាក់បានស្លាប់ក្នុងឆ្នាំ២០០៨ និងច្រើនជាង ៣៤០នាក់ត្រូវបានសម្លាប់ អំឡុងធ្វើធម្មយាត្រាប្រចាំឆ្នាំ នៅរដ្ឋ Maharashtra ភាគខាងលិចក្នុងឆ្នាំ២០០៥៕

ប្រភព៖ CNA

Share.