ប្រទេសចិនបានប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅចុងសប្ដាហ៍នេះ ដោយប្រជាជនក្នុងប្រទេសទាំងមូលបានបួងសួងសុំសេចក្ដីសុខ សុខភាពល្អ និង សេដ្ឋកិច្ចរីកចម្រើនឡើងវិញបន្ទាប់ពីប្រទេសនេះបានប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ រយៈពេល ៣ឆ្នាំមកនេះ ខណៈមន្រ្តីសុខាភិបាលចិនបានរាយការណ៍ថា នៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែ មករា មានអ្នកស្លាប់ថ្មីជិត ១៣,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី ២២ ខែ មករា ឆ្នាំ ២០២៣។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28041455/scr20230122k16-1674372343-1674-2953-9815-1674372374_680x0.jpg)
មនុស្សរាប់ពាន់នាក់កំពុងតម្រង់ជួររង់ចាំនៅខាងក្រៅប្រាសាទ Lama ក្នុងទីក្រុង ប៉េកាំង ដើម្បីបួងសួងសុំសេចក្ដីសុខ និង ជៀសឆ្ងាយពីមេរោគកូវីដ១៩ ដល់ក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបុណ្យចូលឆ្នាំចិន បន្ទាប់ពីតំបន់ដ៏ស័ក្ដិសិទ្ធនេះ បានបើកឲ្យដំណើរការឡើងវិញនៅដើមខែធ្នូ ឆ្នាំមុន ក្រោយដកវិធានការរឹតត្បិតកូវីដ១៩ ទូទាំងប្រទេស។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28041454/1911760.jpg)
យ៉ាងណាម៉ិញ ប្រទេសចិនកំពុងតែប្រឈមនឹងការហក់ឡើងវិញនៃចំនួនអ្នកឆ្លង និង អ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ខណៈអ្នកជំនាញសុខភាពចិនបាននិយាយថា រលកនៃការឆ្លងនៅទូទាំងប្រទេសបានឈានដល់កម្រិតកំពូលហើយ។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28041453/2023_01_22_134734_1674373569._large.jpg)
បច្ចុប្បន្នភាពអ្នកស្លាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងរបស់ប្រទេសចិន កើតឡើងចំពេលមានការសង្ស័យលើតម្លាភាពទន្និន័យរបស់ទីក្រុង ប៉េកាំង ដែលចំនួននៃការឆ្លង និង ស្លាប់ស្ថិតនៅកម្រិតទាបបំផុតតាមស្ដង់ដារពិភពលោក។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28041453/3e4064d52db3411da469b1a9020366e6.webp)
សូមជម្រាបថា មន្ទីរពេទ្យនីមួយៗចាប់ផ្ដើមកកកុញ ហើយមានកន្លែងប្រារព្ធពិធីបុណ្យសពកាន់តែច្រើននៅទូទាំងប្រទេសចិន ចាប់តាំងពីប្រទេសនេះបានដកវិធានការរឹតត្បិតដ៏តឹងរឹងបំផុតរបស់ខ្លួន ក្រោយពេលដែលមានការតវ៉ាប្រឆាំងនឹងការទប់ស្កាត់៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)