Charmaine Sheh តួឯកស្រីហុងកុងដ៏ល្បី មិនធ្លាប់ប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាសាធារណៈនោះទេ ប៉ុន្តែថ្មីនេះតួអង្គឯកពីភាពយន្ត TVB «ល្បិចក្នុងរាជវាំង» បែរជាចេញមកប្រកាសថាខ្លួនប៊ិះនឹងរៀបការម្ដងកាលពីនៅក្មេង។
សូមចុចអាន ក្មេងស្អាតខ្ញង់យ៉ាងនេះ ជឿអត់ថាតួអង្គព្រះនាង ឆាង ភីង អាយុពិតជិតក្បាល៥?
ចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី Darting With the Parents ក្នុងនាមជាជំនួយការតារាមិនមែនជាបេក្ខជន តារាសម្ដែងវ័យ ៤៦ឆ្នាំបានរៀបរាប់រឿងរ៉ាវស្នេហាខ្លះរបស់ខ្លួន ហើយនៅពេលពិធីករសួរនាំពាក់ព័ន្ធនឹងរឿងរៀបការ តារាសម្ដែងរូបនេះឆ្លើយថា ខ្លួនប៊ិះនឹងសម្រេចចិត្តចូលរោងការម្ដង តែបដិសេធមិនប្រាប់ពីសមាសភាពបុរសរូបនោះ។
អ្នកទស្សនាបានសន្មតថាបុរសម្នាក់នោះអាចជាតួឯកប្រុសល្បីឈ្មោះក្នុងអតីតស្ថានីយទូរទស្សន៍ TVB ជាមួយគ្នាគឺលោក Kevin Cheng ដែលជាមិត្តប្រុសរបស់អ្នកនាង តែបានបែកបាក់គ្នាកាលពីជាង១០ឆ្នាំមុន។ គិតទៅចាប់ពីបែកជាមួយ Kevin រួចហើយ Charmaine មិនដែលបង្ហាញទំនាក់ទំនងស្នេហារបស់ខ្លួនជាសាធារណៈនោះទេ។ បុរសម្នាក់ទៀតដែលតារាស្រីរូបនេះទាក់ទងបើកចំហរគឺ Benny Chan តែអ្នកទាំងពីរទាក់ទងគ្នាបាន ៤ឆ្នាំក៏ចែកផ្លូវគ្នាកាលពីឆ្នាំ២០០៦។
តារាល្បីដែលបច្ចុប្បន្នបានចូលប្រឡូកក្នុងការសម្ដែងនៅប្រទេសចិនដីគោកបានទទួលស្គាល់ថានាងមានអតីតសង្សារជាង១០នាក់ ប៉ុន្តែអ្នកទាំងអស់នោះមិនមែនសុទ្ធតែជាតារាសម្ដែងទាំងអស់នោះទេ។
តួអង្គម្ចាស់ក្សត្រីក្នុងភាពយន្តភាគចិនដ៏ល្បី «Story of Yanxi Palace (2018)» បានបញ្ជាក់ថាបច្ចុប្បន្នអ្នកនាងនៅលីវ ហើយកំពុងសម្លឹងមើលបុរសសក្តិសមណាម្នាក់មកធ្វើជាដៃគូ ទោះជាមានដៃគូសម្ដែងជាតារាឯកប្រុសល្បីៗជាច្រើនរូប សម្ដែងជាគូស្នេហ៍ជាមួយអ្នកនាងជាង២៧ឆ្នាំលើកញ្ចក់ទូរទស្សន៍ តែមិនមានបុរសណាម្នាក់ចូលស្ដង់ដារដែលអ្នកនាងពេញចិត្តនោះទេ។
«បុគ្គលិកលក្ខណៈតួអង្គដែលពួកគេសម្ដែងជាអ្វីដែលខ្ញុំពេញចិត្ត ប៉ុន្តែមិនមែនជាចរិតពិតរបស់អ្នកដែលសម្ដែងនោះទេ និយាយរួមតួឯកប្រុសក្នុងរឿងភាគជាបុរសល្អឥតខ្ចោះ តែជីវិតពួកគេទាំងនោះមិនមែនដូច្នេះទេ»
Charmaine Sheh បានចុះកុងត្រាជាមួយនឹងទូរទស្សន៍ TVB ក្រោយប្រកួតកម្មវិធីបវរកញ្ញាហុងកុង ទទួលបានចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ១៩៩៧៕