យុវជនម្នាក់ដែលបានរើសបានមេដាយប្រាក់ របស់កីឡាករថៃ Jonathan Khemdee ដែលបានគប់ចោលទៅកាន់អ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានរៀបរាប់ថា ខ្លួនស្រឡាញ់មេដាយនេះណាស់ ទោះបីគេគប់ចោល តែមិនឲ្យវាធ្លាក់ដល់ដីបានឡើយ ហើយវាមានតម្លៃសម្រាប់រូបគេ។
តាមរយ:គណនីហ្វេសបុកឈ្មោះថា Chhay Sathya បានសរសេររៀបរាប់កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា យ៉ាងដូច្នេះថា៖ «មេដាយប្រាក់ Sea Gameដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះវាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីបានដែរព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល»។
ភ្លាមៗនោះអតីតកីឡាករជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានថ្លែងថា៖«រក្សាវាឲ្យគង់ប្អូនប្រុស វាពិតជាមានតម្លៃណាស់សម្រាប់អ្នកកីឡាដូចពួកបង។ បងប្រឹងប្រែងជិត 20ឆ្នាំហើយ ក្នុងការហាត់លេងបាល់ទាត់ ត្រឹមមេដាយសំរឹទ្ធិក្នុង Seagame ក៏គ្មានវាសនាបានប៉ះវាផង»។
គួរបញ្ជាក់ថា ការប្រកួតដណ្តើមមេដាយមាស លើវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងថៃ បានបញ្ចប់នៅឯពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយឥណ្ឌូណេស៊ីជាម្ចាស់មេដាយមាស ក្រោយជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹងការប្រកួតដ៏ចម្រូងចម្រាស និងមានប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមគ្រូបង្វឹក និងកីឡាករនៃក្រុមទាំងសងខាង៕