កីឡាករ Raoul Sharma មិនត្រឹមតែឈ្នះមេដាយប៉ុណ្ណោះទេ ថែមទាំងទាញការចាប់អារម្មណ៍ពីអ្នកស្ម័គ្រចិត្តកម្ពុជាជាច្រើន នៅអំឡុងពេលប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានាពេលថ្មីៗនេះ។
កីឡាករវ័យ១៩ ឆ្នាំរូបនេះ គឺជាអត្តពលិកជម្រើសជាតិរបស់សិង្ហបុរីក្នុងក្រុមកីឡា cricket ផ្នែកបុរស ហើយពួកគេបានឈ្នះមេដាយមាសនៅក្នុងការប្រកួតកីឡា Cricket វិញ្ញាសា Men’s 6s កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កន្លងទៅ។
នៅក្នុងវីដេអូ TikTok ដែលមានអ្នកចូលទស្សនាជាង ១.២លានដង ហើយអ្នកស្ម័គ្រចិត្តស៊ីហ្គេម ជាច្រើននាក់ត្រូវបានគេមើលឃើញថាបានបង្ហាញពីការចាប់អារម្មណ៍លើកកីឡាកររូបនេះ និងចូលទៅជិត Sharma ដើម្បីថតរូប។
វីដេអូដែលមានចំណងជើងថា “នៅពេលដែលអ្នកស្ម័គ្រចិត្តទាំងអស់ Crush លើកីឡាករតែមួយ” បង្ហាញពីអ្នកស្ម័គ្រចិត្តស្រីម្នាក់ដែលកំពុងរត់ទៅ Sharma ដើម្បីសុំរូបថត។ អ្នកស្ម័គ្រចិត្តបានប្ដូរវេនថតរូបជាមួយគាត់ ដោយបញ្ចេញអារម្មណ៍សប្បាយរីករាយ និងភាពស្និតស្នានជាមួយSharma។
កីឡាករមានកម្ពស់ ១.៨៨ ម៉ែត្ររូបនេះ បានប្រាប់កាសែត The Straits Times ថា៖ “ខ្ញុំទើបតែចេញពីតង់ក្រុមរបស់ខ្ញុំដើម្បីទៅបន្ទប់ទឹក ហើយអ្នកស្ម័គ្រចិត្តម្នាក់បានរត់មកសុំខ្ញុំថតរូបជាមួយពួកគេ។ ខ្ញុំបានថតរូបជាមួយនឹងអ្នកស្ម័គ្រចិត្តកម្ពុជាប្រមាណពី ២០ ទៅ ៣០ នាក់ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងភាពស្និតស្នាន ជាមួយភាលពរួសរាយរាក់ទាក់របស់ពួកគាត់។
គួបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា បានបិទបញ្ចប់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមសិង្ហបុរីបាននាំយកមេដាយសរុបចំនួន ១៥៨ ដែលក្នុងនោះមេដាយមាសចំនួន ៥១គ្រឿង មរដាយប្រាក់ ៤៣គ្រឿង និងសំរឹទ្ធ ៦៤គ្រឿង ឈរនៅលេខរៀងទី៦ ក្នុងតារាងមេដាយសរុប ទាំង១១ប្រទេស៕