![](https://cdn.troryorng.com/wp-content/uploads/2023/05/28003253/1441931968.0-1024x683.jpg)
អតីតខ្សែបម្រើរបស់ក្រុម FC Barcelona និងជម្រើសជាតិអេស្ប៉ាញ គឺកីឡាករ Andres Iniesta បានប្រកាសចេញពីក្លិបបាល់ទាត់ Vissel Kobe សមាជិកលីគកំពូលជប៉ុន បន្ទាប់ពីរយៈពេល៥ឆ្នាំនៅទឹកដី Noevir Stadium Kobe។
កីឡាករដែលឈ្នះពាន LaLiga ជាមួយក្លិបយក្ស FC Barcelona ចំនួន៩លើករូបនេះបានធ្វើដំណើរទៅកាន់កីឡដ្ឋាន Noevir Stadium Kobe កាលពីឆ្នាំ២០១៨ ដែលកាលណោះរូបគេទទួលបានប្រាក់កម្លាំងពលកម្មប្រមាណ៣០លានដុល្លារអាមេរិក។
![](https://cdn.troryorng.com/wp-content/uploads/2023/05/28003252/np_file_229549-1024x682.jpeg)
ក្រោយបង្ហាញខ្លួន ១៣៣លើកជាមួយក្លិប Vissel Kobe ខ្សែបម្រើជំនាញបញ្ជូនបាល់ខ្លីៗនៃទម្រង់លេង Tiki Taka ជួយក្រុមឈ្នះពាន Emperor’s Cup នៅឆ្នាំ២០១៩ និងឈ្នះពាន Japanese Super Cup ឆ្នាំ២០២០។ ខណ:កិច្ចសន្យារបស់ខ្សែបម្រើវ័យ ៣៩ឆ្នាំរូបនេះ នឹងផុតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
អំឡុងពេល Andres Iniesta លេងឱ្យក្រុមអ្នកមានបុណ្យ FC Barcelona ប្រទេសអេស្ប៉ាញ រយៈពេល២២ឆ្នាំ រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យក្រុមឈ្នះពានរង្វាន់រហូតដល់៣២គ្រឿង រួមទាំង UEFA Champions League ចំនួន៤ដង។ ដោយទ្បែកនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញវិញ Andres Iniesta ក៏ជួយឱ្យក្រុមគ្រងជើងឯក FIFA World Cup ឆ្នាំ ២០១០ និង Euro ចំនួន២ដង ចន្លោះពីឆ្នាំ២០០៨ និង២០១២៕
![](https://cdn.troryorng.com/wp-content/uploads/2023/05/28003251/VisselKobeFC-FCBarcelona0-2RakutenCup2019_pic_2019-07-27kobe-barcelona27-1024x640.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)