
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវវិសោធនកម្មនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ថាសម្ដេចបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយសម្រេចឱ្យរដ្ឋមន្រ្តីទាំងពីរសិក្សាធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនេះជាបន្ទាន់។
តាមរយៈសារលើបណ្ដាញតេឡេក្រាម សម្ដេចតេជោ បានមានប្រសាសន៍ច្បាប់ៗអំពីគោលបំណងនៃការវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនេះថាដើម្បីតម្រូវឱ្យអ្នកដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតនាពេលខាងមុខ ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បោះឆ្នោតសមាជិកព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវទៅតែបោះឆ្នោតនាខែកក្កដាឆ្នាំ២០២៣នេះ ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន។ សម្ដេចបានមានប្រសាសន៍ថា«ធ្វើយ៉ាងនេះគឺដើម្បីពង្រឹងការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បើខ្លួនមិនអាចបំពេញកាតព្វកិច្ចក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោត តើមានហេតុផលអ្វីដែលនឹងត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ បញ្ហានេះយើងត្រូវធ្វើឱ្យខាងតែបានសម្រាប់មុនពេលយុទ្ធនាការបោះឆ្នោតនឹងត្រូវចាប់ផ្ដើម»។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតជាបន្ទាន់នេះ ថាជាភាពចាំបាច់នៃការធ្វើកំណែទម្រង់សម្រាប់អ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងថាកំណែទម្រង់មួយនេះមិនបានប៉ះពាល់ដល់សិទ្ធិពលរដ្ឋទូទៅដែលចង់ទៅ ឬមិនទៅបោះឆ្នោតនោះទេ។ បើតាមសម្ដេច ការធ្វើវិសោធនកម្មនេះ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបន្ថែមថា«ដូច្នេះគ្មានអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ។ យើងគ្រាន់តែដកសិទ្ធិសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់អ្នកណាដែលមិនព្រមទៅបោះឆ្នោតមុនពេលដែលខ្លួនទៅឈរឈ្មោះនោះតែប៉ុណ្ណោះ ហើយវាមិនមែនជារឿងចម្លែកទេ»។ សម្ដេចបន្ថែមថា មិនចម្លែកក៏ព្រោះប្រទេសថៃបានអនុវត្តយ៉ាងដូច្នេះ ហើយក៏ធ្វើឱ្យគណបក្សនយោបាយមួយត្រូវរបូតអាសនៈអស់ជាច្រើន ព្រោះតែពួកគេមិនបានបំពេញការតព្វកិច្ចទៅបោះឆ្នោត។

សម្ដេចតេជោបានពន្យល់ច្បាស់ទៀតថា«ចាប់ពីថ្នាក់ឃុំ សង្កាត់ (ឡើងទៅ) បើចង់ឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣! បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី ឬសមាជិកព្រឹទ្ធសភានៅឆ្នាំ២០២៤ ឬបន្តបន្ទាប់ ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣! បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិករដ្ឋសភានៅឆ្នាំ២០២៣ ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយចៀសមិនបាន! បើមិនដូច្នោះ គេនឹងបាត់បង់សិទ្ធិ ហើយសិទ្ធនេះត្រូវស្របទៅតាមបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតដែលមានកំណត់នៅក្នុងមាត្រា៣៤ថ្មីនៃរដ្ឋធម្មនុញ្ញ យើងនឹងធ្វើវិសោនធកម្មជាបន្ទាន់ទៅលើបញ្ហានេះ»៕


