ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញនូវចំនួនសមាសភាពស្នងការរងនគរបាលនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យឆ្លើយតបទៅនឹងទំហំភូមិសាស្ត្រ និងចំនួនប្រជាពលរដ្ឋជាក់ស្តែង ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការជំរុញដំឡើងតួនាទីស្ត្រីឱ្យកាន់តំណែងជាអភិបាលរងរាជធានី-ខេត្ត និងស្នងការរងទទួលបន្ទុកការងារនារី។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តមបានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកំណត់ក្របខ័ណ្ឌ និងមុខតំណែងមន្ត្រីឱ្យបានច្បាស់លាស់ ក្នុងគោលបំណងកាត់បន្ថយភាពលើសលប់នៅថ្នាក់លើ ហើយតម្រង់ទិសដើម្បីពង្រឹងកម្លាំងចុះបំពេញភារកិច្ចនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងជាឧទាហរណ៍ប្រៀបធៀបថា ខេត្តកែបដែលមានប្រជាពលរដ្ឋត្រឹមប្រមាណ ៤ ទៅ ៥ ម៉ឺននាក់ ប៉ុន្តែបែរជាមានស្នងការរងរហូតដល់ ២២ នាក់ ខណៈដែលខេត្តពោធិ៍សាត់ដែលមានប្រជាជនជិត ១ លាននាក់ មានស្នងការ និងស្នងការរងសរុបត្រឹមតែ ១៤ នាក់ប៉ុណ្ណោះ។ កត្តានេះតម្រូវឱ្យមានការរៀបចំឡើងវិញ ដើម្បីឱ្យការបែងចែកកម្លាំងមានសមាមាត្រត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែង។

ស្នងការ និងស្នងការរងនគរបាលខេត្តកែប

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់លើនយោបាយលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យរដ្ឋបាលសាធារណៈ ដោយបានណែនាំយ៉ាងច្បាស់ឱ្យយផ្តល់អាទិភាព និងជំរុញស្ត្រីឱ្យឡើងកាន់តួនាទីដឹកនាំ រួមទាំងតំណែងជាអភិបាលរងរាជធានី-ខេត្ត និងស្នងការរងទទួលបន្ទុកកិច្ចការនារី។ រដ្ឋមន្ត្រីមហាផ្ទៃបានបញ្ជាក់ថា រាល់មុខតំណែង ឬកិច្ចការងារទាំងឡាយណាដែលពាក់ព័ន្ធនឹងកិច្ចការនារី ត្រូវតែប្រគល់ជូនស្ត្រីជាអ្នកទទួលខុសត្រូវជាដាច់ខាត ដោយមិនត្រូវទុកឱ្យបុរសក្តោបក្តាប់ ឬដណ្តើមតួនាទីទាំងនោះជំនួសស្ត្រីឡើយ ព្រោះស្ត្រីមានការយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅជាងចំពោះកិច្ចការរបស់ខ្លួន។ ចំពោះបណ្តាខេត្ត ឬអង្គភាពទាំងឡាយណាដែលបច្ចុប្បន្នមានបុរសកាន់កាប់តួនាទីទទួលបន្ទុកកិច្ចការនារី ឯកឧត្តមបានណែនាំឱ្យប្តូរវេន ឬប្រគល់តួនាទីនោះជូនទៅស្ត្រីវិញភ្លាមៗនៅពេលបញ្ចប់អាណត្តិ៕

Share.