សិល្បៈជាតិ៖ ភាពយន្តរំជួលព្រលឹងលងប៉ះសក់ «ពពិលខ្មៅ» របស់ផលិតកម្ម Wonderfilms បានសម្ពោធចាក់បញ្ចាំងកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នាផ្សារទំនើប Chipmong Mega Mall 271 ដោយមានការចូលរួមយ៉ាងច្រើនកុះករពីផលិតករ តារាសម្ដែង និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ។
នៅក្នុងឱកាសនោះអ្នកសារព័ត៌មានបានសម្ភាសន៍ជាមួយនឹងតួអង្គសំខាន់ម្នាក់នៃភាពយន្តនេះគឺលោក រ៉ាយម៉ុន ម៉ាទីន ដែលជាតារាសម្ដែងឈាមផ្សំអេស្ប៉ាញនិងជប៉ុន។ រ៉ាយម៉ុន ម៉ាទីន បានសម្ដែងក្ដីរំភើបរីករាយចំពោះបទពិសោធន៍សម្ដែងថ្មីនៅក្នុងវិស័យភាពយន្តកម្ពុជាយ៉ាងដូច្នេះថា៖ «នេះគឺជារឿងទីមួយដែលខ្ញុំបានថត ប៉ុន្តែខ្ញុំបានថតភាពយន្ត និងរឿងភាគខ្លះដែរ ហើយខ្ញុំក៏បានថត TVC ស្ពតផ្សាយពាណិជ្ជកម្មផងដែរ ប៉ុន្តែនេះគឺជាបទពិសោធន៍ដំបូងរបស់ខ្ញុំដែលបានថតភាពយន្តខ្នាតធំនៅក្នុងវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ខ្ញុំពិតជារីករាយណាស់។ ខ្ញុំបានហ្វឹកហាត់ភាសាខ្មែរ ដើម្បីឱ្យកាន់តែប្រសើរ ប៉ុន្តែភាពយន្តកម្ពុជាកំពុងឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ អ៊ឺម ដូច្នេះទីផ្សារភាពយន្តប្រើភាសាអង់គ្លេសមានកាន់តែច្រើន»។

បុរសសង្ហាជាកូនកាត់រូបនេះក៏បានរំលេចឱ្យដឹងពីតួអង្គដែលខ្លួនបានសម្ដែងនៅក្នុងភាពយន្ត «ពពិលខ្មៅ» ដែរថា លោកគឺជាគ្រូពេទ្យម្នាក់ដែលរវល់នឹងការងាររហូតភ្លេចគិតពីគ្រួសារ ប្រពន្ធនិងកូន៖ «នៅក្នុងភាពយន្តនេះខ្ញុំសម្ដែងជាឪពុករបស់ក្មេងស្រីម្នាក់ សម្រាប់ Cherry នៅក្នុងភាពយន្តគឺជាកូនរបស់ខ្ញុំ ខ្ញុំគឺជាបុរសរៀបការរួច ខ្ញុំគឺជាគ្រូពេទ្យ គឺជាអ្នកជំនួញម្នាក់ ខ្ញុំគឺជាមនុស្សដែលរវល់ខ្លាំង គ្មានពេលវេលាសម្រាប់គ្រួសារ ខ្ញុំព្យាយាមធ្វើការងារ ប៉ុន្តែផ្ទះដែលយើងរស់នៅមានខ្មោចលង មានរឿងប្លែកជាច្រើន មានចម្លែកចំឡែក មានស្រមោល ប៉ុន្តែខ្ញុំមិនដែលខ្វល់ចំពោះរឿងនេះទេ តែខ្ញុំជាអ្នកជំនួញ ខ្ញុំជាមនុស្សដែលរវល់ រហូតដល់នាទីចុងក្រោយ មិនមែនជាការទម្លាយសាច់រឿងទេ ប៉ុន្តែ ខ្ញុំចាប់ផ្ដើមដឹងពីបញ្ហានៅក្នុងផ្ទះ តែវាអាចហួសពេលបាត់ទៅហើយ នេះគឺជាតួអង្គដែលខ្ញុំសម្ដែង»។
មិនត្រឹមតែសាច់រឿងទេ ដែលគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែរឿងរ៉ាវនៅពីក្រោយឆាកនៃការសម្ដែងវិញ ក៏មានរឿងច្រើនរ៉ាវល្អៗ ដែលធ្វើឱ្យតារាសម្ដែងរូបសង្ហាចងចាំគ្មានថ្ងៃភ្លេចផងដែរ៖ «សម្រាប់ខ្ញុំវាគឺជាបទពិសោធន៍ដ៏ល្អមួយបានថតជាមួយនឹងអ្នកដឹកនាំ វិសាល គាត់ជាមនុស្សរួសរាយ ក្រុមការងារផលិតប្រឹងប្រែងធ្វើការ មានរឿងជាច្រើនបានកើតឡើង អ្នកទស្សនាបានត្រឹមតែមើលភាពយន្ត ប៉ុន្តែការពិតតារាសម្ដែងនិងក្រុមការងារផលិតមានការងារត្រូវធ្វើច្រើន សម្រាប់ខ្ញុំរីករាយចំពោះលទ្ធផលនេះ ហើយខ្ញុំពិតជាចង់ទស្សនាភាពយន្តនេះឆាប់ៗ»។
ជាចុងក្រោយ រ៉ាយម៉ុន ម៉ាទីន បានផ្ដាំផ្ញើចំពោះទស្សនិកជនសូមកុំរំលងភាពយន្តខ្នាតធំ «ពពិលខ្មៅ» នេះឱ្យសោះព្រោះថាជាភាពយន្តដែលមានស្តង់ដារកម្រិតអន្តរជាតិ៖ «ខ្ញុំគិតថាភាពយន្តនេះមានលក្ខណៈអន្តរជាតិ ទាំងតួអង្គសម្ដែង ទាំងដំណើរដើមទងនៃសាច់រឿង គឺជារឿងមួយដែលមានស្តង់ដារអន្តរជាតិ ហើយក៏ជាឱកាសដ៏សម្បើមមួយសម្រាប់ភាពយន្តកម្ពុជា ជាពិសេសភាពយន្តនេះបានឆ្លុះបញ្ចាំងពីវប្បធម៌កម្ពុជា ខ្ញុំពិតជាស្រលាញ់រឿងនេះណាស់ មានប្លង់លងបន្លាចជាច្រើននៅក្នុងរឿងនេះ»៕
ទស្សនាវីដេអូព័ត៌មានលម្អិតខាងក្រោម៖

