អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយ និងចែករំលែកវីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ «សៀវ ឡុងនី» របស់ស្ត្រីឈ្មោះ ឈាន សុខន ដែលបានប្រើប្រាស់រូបភាពចាស់ៗ និងអត្ថាធិប្បាយរិះគន់ចំៗដែលខុសពីការពិត នាំឱ្យសាធារណជនមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរមកលើតួនាទី និងភារកិច្ចរបស់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា។

ការបកស្រាយរបស់អាជ្ញាធរជាតិអប្សរានាពេលនេះ ធ្វើឡើងក្នុងគោលបំណងការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្ហាញតម្លាភាពជុំវិញការងាររៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កន្លងមក ការលក់ដូរអនាធិបតេយ្យបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់​​ធ្នាប់ និងការទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ទោះបីជាអាជ្ញាធរបានរៀបចំទីតាំងលក់ដូរត្រឹមត្រូវដោយឥតគិតថ្លៃជូនអាជីវករភាគច្រើនរួចហើយក្តី ក៏នៅមានបងប្អូនលក់ដូរចល័តមួយចំនួនតូចនៅតែបន្តធ្វើសកម្មភាពល្មើសច្បាប់ ដែលទាមទារឱ្យមានការទប់ស្កាត់ និងណែនាំជាប្រចាំ។

ជុំវិញករណីបុគ្គលឈ្មោះ ឈាន សុខន (ម្ចាស់គណនី សៀវ ឡុងនី) ដែលរស់នៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរាបានទម្លាយថា កន្លងមក ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា បានយោគយល់សណ្តោសប្រោសប្រណី ជួយសម្របសម្រួល និងផ្តល់ផ្ទះជូនគាត់បានស្នាក់នៅសមរម្យ បន្ទាប់ពីគាត់បានសាងសង់សំណង់មិនរៀបរយជាច្រើននៅលើដីតំបន់ការពារអង្គរ។

ទោះជាយ៉ាងណា បុគ្គលរូបនេះតែងតែប្រកបមុខរបរលក់ការ៉េមចល័តដោយគ្មានសណ្តាប់ធ្នាប់ នៅតាមផ្លូវជុំវិញព្រះអង្គចេក ព្រះអង្គចម និងតាមប្រាសាទនានា ព្រមទាំងបង្កជម្លោះជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ជាញឹកញាប់។ សាមីខ្លួនមិនព្រមចូលទៅលក់ក្នុងទីតាំងដែលរដ្ឋបាលខេត្តរៀបចំជូនឡើយ ហើយថែមទាំងធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប កោះហៅទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឡាយវីដេអូបំភ្លៃព័ត៌មានម្តងរួចមកហើយ ប៉ុន្តែនៅតែបន្តប្រព្រឹត្តអំពើមិនសហការ និងបង្កបាតុភាពដដែល។

អាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា កិច្ចការពារ និងរក្សាតម្លៃរមណីយដ្ឋានអង្គរ គឺជាភារកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបានអំពាវនាវឱ្យសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការ ដើម្បីជួយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសទស្សនាដ៏ល្អប្រសើរនៅតំបន់បេតិកភណ្ឌជាតិ៕

Share.