លោកស្រី រស់ សាបឿន ដែលត្រូវជាបងស្រីបង្កើត និងជាស្រមោលអមដំណើរដ៏ជិតស្និទ្ធបំផុតរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង ៧និង៤២នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាគេហដ្ឋានរបស់លោកស្រី ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបាត់បង់រូបលោកស្រី រស់ សាបឿន នាពេលនេះ គឺជាការបាត់បង់នូវសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់មួយរូបក្នុងវិស័យសិល្បៈតន្ត្រីខ្មែរ យុគសម័យមាស។ លោកស្រីមិនត្រឹមតែជាបងស្រីច្បងដែលប្រកបដោយព្រហ្មវិហារធម៌ ចិត្តល្អ និងភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីក៏ជាប្រភពព័ត៌មាន និងជាកម្លាំងចលករដ៏សំខាន់ដែលបានបន្សល់ទុកនូវមរតកចងចាំជុំវិញជីវិត និងស្នាដៃរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា។ ជាក់ស្តែង វត្តមាន និងការលះបង់របស់លោកស្រីកន្លងមក គឺជាគ្រឹះយ៉ាងសំខាន់ដែលឈានទៅដល់ការបង្កើតអង្គការ “The Golden Voice” ដើម្បីអភិរក្ស និងលើកតម្កើងមរតកចម្រៀងដើមរបស់ខ្មែរ។
ដំណឹងមរណភាពដ៏ក្រៀមក្រំនេះ បានធ្វើឱ្យមហាជន អ្នកស្នេហាវិស័យសិល្បៈ ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើន សម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ។ បច្ចុប្បន្ន សពរបស់លោកស្រី រស់ សាបឿន ត្រូវបានតម្កល់ និងប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងសាលាធម្មសភា ស្ថិតក្នុងវត្តដំរីស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីឱ្យសាច់ញាតិ មិត្តភក្តិ និងសាធារណជនបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងការរំលែកទុក្ខជាចុងក្រោយ៕
