ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដេញប៉ផាប់ចាប់ពភីង បន្ទាប់ពីហ៊ានធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសនៅនឹងមុខសមត្ថកិច្ច កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តាលផ្លូវ២១៧ សង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ហើយកាលពីវេលាថ្ងៃត្រង់ ទី២០ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់ខ្សែក បុរសជនជាតិឥណ្ឌាបានសម្រេច នៅផ្លូវលេខ៣៧៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រួចគេចខ្លួនបាត់។ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-6326 មកធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសម្នាក់ទៀត ដែលកំពុងឈរនៅចំណតរថយន្តក្រុង តាមផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅចំពោះមុខកម្លាំងល្បាតតែម្តង តែមិនបានសម្រេច ហើយព្យាយាមជិះរត់គេច ទើបកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រដេញតាមរហូតដល់ផ្លូវ២៧១ មុខពេទ្យលោកសង្ឃ ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបចាប់ខ្លួនបាន ។

ជនសង្ស័យ ឈ្មោះ ហ៊ាន ភក្កី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ក្រោយចាប់ខ្លួនបានជនសង្ស័យរួមទាំងម៉ូតូធ្វើសកម្មភាព ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នាំយកទៅសាកសួរ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

