ស្វាយរៀង ៖ កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ៦ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិបាវិតលើ និងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ឃាត់ខ្លួនមនុស្ស១៣នាក់ ពាក់ព័ន្ធបទល្មើស Online Scam និងដកហូតបានសម្ភារមួយចំនួន ។

កម្លាំងសមត្ថកិច្ចក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហចំនួន៦កន្លែងនៅចំណុចខាងលើ ៖ ទីតាំងទី១ រកឃើញជនជាតិវៀតណាម ១នាក់ (ប្រុស), ដកហូតបាបកុំព្យូទ័រលើតុ All-in-One ចំនួន ៧គ្រឿង, ទូរស័ព្ទដៃចម្រុះ ០៣គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ១គ្រឿង និងលិខិតឆ្លងដែន ១ក្បាល ។

ទីតាំងទី២ រកឃើញកុំព្យូទ័រ All-in-One ចំនួន ១៩គ្រឿង ។ ទីតាំងទី៣ រកឃើញជនជាតិវៀតណាម៣នាក់ ស្រី ១នាក់, កុំព្យូទ័រលើតុ All-in-One ចំនួន ១០គ្រឿង, ទូរស័ព្ទ៣គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន៥គ្រឿង និងលិខិតឆ្លងដែន៣ក្បាល ។ ទីតាំងទី៤ រកឃើញជនជាតិឥណ្ឌូនេស៊ី៤នាក់ (ប្រុស), កុំព្យូទ័រយួរដៃ៥គ្រឿង, iPad ១គ្រឿង, ទូរស័ព្ទដៃចម្រុះ ២៥គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ០៥គ្រឿង និងលិខិតឆ្លងដែន៤ក្បាល ។ ទីតាំងទី៥ រកឃើញជនជាតិវៀតណាម៥នាក់ ស្រី១នាក់, iPad ០១គ្រឿង, ទូរស័ព្ទដៃចម្រុះ១០គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន៥គ្រឿង និងលិខិតឆ្លងដែន១ក្បាល ។ ទីតាំងទី៦ រកឃើញកុំព្យូទ័រ All-in-One ចំនួន៥គ្រឿង និងទូរស័ព្ទដៃចម្រុះ៥គ្រឿង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង១៣នាក់ ស្រី២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនិងបន្តនីតិវិធីនៅការិយាល័យជំនាញ ស្នងការខេត្ត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.