សិល្បៈជាតិ៖ លោក សាយ តារាចម្រៀង Original និមិត្តរូបរត់ប្រណាំងដើម្បីការងារមនុស្សធម៌និងសង្គមបានបញ្ចេញសារខ្លីមួយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក បង្ហាញអារម្មណ៍អន់ចិត្តដែលយុវជនសម័យថ្មីបានផ្ដល់តម្លៃនិងចាប់អារម្មណ៍តែលើរឿងជម្លោះជេរហែកហួរគ្នាក្នុងគ្រួសារ ជាជាងខ្វាយខ្វល់ពីរឿងសង្គមជាតិ។
សូមអាន៖ Sai បង្ហាញតម្រុយរត់ដើម្បីកុមារកម្ពុជា ក្រោយបញ្ជាក់ រឿងរាងកាយលោកត្រលប់មកជាវិញហើយ
ជាការពិតណាស់មួយរយៈពេលកន្លងមកនេះអ្នកលេងបណ្ដាញសង្គមមានរឿងឱ្យតាមដានជាប់ជាប្រចាំជាពិសេសគឺជម្លោះមួយចំអិនកំពឹសរវាងតារាចម្រៀង Rap វ័យក្មេងដ៏មានឥទ្ធិពលជាមួយនឹងម្ចាស់អាជីវកម្មលក់ស្បែកជើង ដោយសារតែមានគណនីលាក់អត្តសញ្ញាណមួយបានទម្លាយចេញមកក្រៅបើទោះជារឿងនោះភាគីអ្នកលក់ស្បែកជើងបានចេញមក Live បកស្រាយថាទំនាស់សម្ដីតិចតួចនោះបានបញ្ចប់ត្រឹមក្នុងហាងបបរសរួចហើយក្ដី។ ប៉ុន្តែអ្នកដែលកាន់ជើងភាគីរៀងខ្លួននៅតែបន្តចេញមកវាយប្រហារគ្នាទៅវិញទៅមកមិនឈប់មិនឈរបណ្ដាលឱ្យរឿងនេះក្លាយជារឿងទទួលបានការចាប់អារម្មណ៍និងលើកយកមកជជែកវែកញែកគ្នាបែកផ្សែង ទាំងទៅលើការ Comment Like និង Share។
សូមអាន៖ ប្រជុំASEANចប់! ព្រះបុត្រាប្រ៊ុយណេល្បីពេករហូតសាយចង់បបួលមករត់កម្មវិធី #RUNWITHSAI
ងាកមក Preah Vihear Temple Run ដែលជាកម្មវិធីរត់ដើម្បីអបអរសាទរខួប១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ គឺជាកម្មវិធីផ្ដួចផ្ដើមគំនិតដោយក្រុមរបស់តារាចម្រៀង សាយ បែរជាមិនសូវផ្ទុះការចាប់អារម្មណ៍ច្រើនពីយុវវ័យនៅលើបណ្ដាញទំនាក់ទំនងសង្គមដូចការរំពឹងទុកទៅវិញ។ មើលឃើញពីចំណុចអសកម្មនិងឥទ្ធិពលអវិជ្ជមានជះផលប៉ះពាល់អាក្រក់ដល់សង្គម សាយ កាលពីយប់ថ្ងៃទី២១ ខែមិថុនា បានចេញមកចែករំលែកសារអន់ចិត្តខ្លីតែខ្លឹមសារចាក់ដោតដួងចិត្តអ្នកអានដូច្នេះថា៖ «ខ្ញុំមិនអន់ចិត្តទេ នៅពេលមិនសូវមានអ្នកខ្វល់ពីកម្មវិធីរបស់ពួកខ្ញុំ តែខ្ញុំអន់ចិត្តនៅពេលយុវជនសម័យថ្មី ខ្វល់តែពីរឿងគ្រួសារគេ និងជម្លោះបុគ្គល ច្រើនជាងរឿងជាតិ Good Night កម្ពុជា»។
ឆ្លើយតបចំពោះសាររបស់សាយ គេឃើញមានអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមបានចូលមកបញ្ចេញមតិយល់ស្របចំពោះទស្សនៈរបស់លោក អ្នកទាំងអស់នោះបានលើកឡើងថាពួកគេមិនបានចាប់អារម្មណ៍ទៅលើករណីជម្លោះដែលកំពុងតែផ្ទុះការចាប់អារម្មណ៍នាខណៈនេះនោះទេ ប៉ុន្តែពួកគេគាំទ្រចំពោះកម្មវិធី ក៏ដូចជាគំនិតផ្ដួចផ្ដើមឡើងនេះព្រោះវាមានតម្លៃជាប្រវត្តិសាស្ត្រ និងដាស់ស្មារតីកូនខ្មែរកុំឱ្យភ្លេចពីសិល្បៈវប្បធម៌ និងអ្វីដែលជាបេតិកភណ្ឌជាតិ។
សូមជម្រាបថាកម្មវិធី PREAH VIHEAR TEMPLE RUN គឺជាព្រឹត្ដិការណ៍ រត់៧គីឡូម៉ែត្រ និងការប្រគំតន្រ្ដី ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាឯបរិវេណប្រាសាទព្រះវិហារ ជាមួយនឹង ២វិញ្ញាសារចូលរួមគឺ «រត់៧គ.ម.» និង «ដើរ៧០០ម៉ែត្រ»៕