
ខេត្តព្រះវិហារ នៅតែមិនអាចរកជ័យជម្នះបាន ក្រោយចាញ់ អធិរាជដំរីឦសាន ខេត្តរតនគិរី ក្នុងលទ្ធផល ៤-២ នៅទីលានបុរីកម្មករ៤ (កាចាញ) ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ នៅថ្ងៃនេះ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) សប្តាហ៍ទី៩។
ឆ្លងកាត់ ៤ប្រកួតកន្លងមក ខេត្តព្រះវិហារ មិនដែលឈ្នះសោះ ដោយចាញ់ ៣ ស្មើ១ មានត្រឹម ១ពិន្ទុប៉ុណ្ណេះ ក្នុងពូល ឃ។ ចំណែក អធិរាជដំរីឦសាន ខេត្តរតនគិរី ឆ្លងកាត់ ៤ប្រកួតកន្លងមក ឈ្នះ ២ ស្មើ១ ចាញ់ ១ មាន ៧ពិន្ទុ។
លទ្ធផលប្រកួត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣៖
- ខេត្តឧត្ដរមានជ័យ ៤-៤ យុវជនខេត្តបាត់ដំបង នៅទីលានវិទ្យាល័យ តេជោ សែន សំរោង
- ខេត្តបន្ទាយមានជ័យ ៣-២ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
ដោយឡែកសម្រាប់ជំនួបប្រកួតរវាង ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ប៉ះសមាគមកីឡាខេត្តមណ្ឌលគិរី សប្ដាហ៍ទី៩ នៅថ្ងៃទី២៨ មិថុនា នេះ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ត្រូវបានខាងគណៈកម្មការរៀបចំការប្រកួតប្រាប់ថា ការប្រកួតនេះត្រូវលើកពេលទៅប្រកួតនៅថ្ងៃក្រោយ ដោយសាបញ្ហាទីលាន៕




