ព្រះសីហនុ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដុតបំផ្លាញបារី និងវត្ថុតាងក្លែងក្លាយដែលបង្ក្រាបបាននាពេលកន្លងទៅជាង៤០តោន នៅខេត្តព្រះសីហនុ។

សម្ភារៈទាំងនោះរួមមាន៖ កន្ទុយស្នោបារីដើមតូច ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី ក្រដាសរ៉ូឡូមូរបារីដើមតូច ថង់ផ្លាស្ទិចស្រោបសុងបារី ថង់ផ្លាស្ទិចស្រោបកញ្ចប់បារី ក្រដាស់រ៉ូឡូអាលុយមីញ៉ូម សសៃថ្នាំជក់ (កេស) សសៃថ្នាំជក់ សម្ភារសម្រាប់ផលិតផលក្លែងក្លាយ សរុបប្រមាណជា៤២,៤៦៥គីឡូក្រាម សំបកកេស ក្រដាសមូលកន្ទុយបារី ESSE សំបកកញ្ចប់បារី ESSE សំបកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាកESSE មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច។

តាមលោក ធុច បញ្ចសន្តិភាព បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក ថាមានទីតាំងលួចផលិតបារីក្លែងក្លាយ (ESSE) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ហើយកម្លាំងជំនាញបើកស្រាវជ្រាវ នឹងចុះបង្រ្កាបដកហូតសម្ភារផលិតនូវបារីក្លែងក្លាយ ដែលរំលោភទៅលើកម្មសិទ្ធិបញ្ញាក្រុមហ៊ុន។

ក្រោយចុះបង្រ្កាបទីទាំងខាងលើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃបានកសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ រហូតចេញសេចក្តីសម្រេចអនុញ្ញាតឲ្យដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទ៖ ព្រះសីហនុ

Share.