ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងចំពោះសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
តាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានធ្វើសកម្មភាពសាងសង់ និងជីកកកាយដោយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ ក្រសួងបានបញ្ជាក់ថា សកម្មភាពទាំងនេះផ្ទុយនឹងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានកំណត់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានបន្តថា កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះបីភាគីកម្ពុជាបានស្នើឱ្យបញ្ឈប់ការសាងសង់នេះជាច្រើនលើកក៏ដោយ។
ក្រៅពីនេះ កងកម្លាំងថៃក៏បានបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅតំបន់ប្រាសាទតាក្របី រួមមានផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ដោយមានគោលបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពស្រដៀងគ្នានេះ ក៏ត្រូវបានរាយការណ៍ថា បានកើតឡើងនៅតំបន់ជប់អង្គញ់ និងដើមត្រាង ក្នុងខេត្តឧត្តរមានជ័យ ដែលកងកម្លាំងថៃបានដំឡើងទង់ជាតិ និងសាងសង់ផ្លូវបេតុងផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា សកម្មភាពទាំងនេះផ្ទុយនឹងអត្ថបទទី៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលហាមឃាត់សកម្មភាពណាមួយដែលអាចបង្កឱ្យមានការផ្លាស់ប្តូររូបរាង ឬបរិស្ថាននៃតំបន់ព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ និងគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ថា នៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬសកម្មភាពឯកតោភាគីឡើយ៕


