ត្បូងឃ្មុំ៖ កម្លាំងចម្រុះរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការរុះរើសំណង់តូបអាណាធិបតេយ្យចំនួន ៨តូប ដែលសង់រំលោភលើចិញ្ចើមផ្លូវ នៅបរិវេណមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភ័ណភាពនៅជុំវិញមន្ទីរពេទ្យ។




ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរងនគរបាលខេត្ត លោក យ៉ាំ សុភឿង អភិបាលរងស្រុកត្បូងឃ្មុំ រួមជាមួយតំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន និងក្រុមការងារពាក់ព័ន្ធ។
តាមការបញ្ជាក់របស់ក្រុមការងារ ប្រតិបត្តិការរុះរើនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ព្រមទាំងលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិនខេត្តត្បូងឃ្មុំ ដោយមានការសហការពីស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលស្រុកត្បូងឃ្មុំ។




សកម្មភាពនេះ ក៏មានការចូលរួមពីតំណាងអធិការដ្ឋាននគរបាលស្រុក តំណាងរដ្ឋបាលឃុំស្រឡប់ ប៉ុស្តិ៍នគរបាលឃុំ និងតំណាងភូមិ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបេតុងខាងមុខមន្ទីរពេទ្យ ដែលមានការលក់ដូរ និងសង់សំណង់អាណាធិបតេយ្យ ប៉ះពាល់ដល់ដីចំណីផ្លូវសាធារណៈ និងបង្កភាពអសោភ័ណភាពដោយសារការចោលសំរាមមិនមានសណ្តាប់ធ្នាប់។
ជាមួយគ្នានេះដែរ អាជ្ញាធរបានធ្វើការអប់រំ ណែនាំ និងកំណត់ហេតុជូនដល់ប្រជាពលរដ្ឋ និងអាជីវករ ឱ្យរុះរើសំណង់អាណាធិបតេយ្យដោយខ្លួនឯង ក្នុងរយៈពេល ៧ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាម ក្រុមការងារជំនាញនឹងចុះអនុវត្តការរុះរើ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតសម្ភារៈឡើយ៕
អត្ថបទ៖អាចារ្យលាក់

