ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២៦ ដោយក្នុងនោះបានបង្ហាញពីការប្រែប្រួលនៃស្ថានភាពអាកាសធាតុសំខាន់ៗ ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់ដើមខែឧសភាខាងមុខ។ យោងតាមការពិនិត្យលើស្ថានភាពសីតុណ្ហភាពផ្ទៃសមុទ្រ និងបាតុភូតសកល ក្រសួងបានបញ្ជាក់ថា ឥទ្ធិពលនៃបាតុភូតអព្យាក្រឹត (ENSO-Neutral) នឹងបន្តស្ថិតក្នុងកម្រិត ៥០% រហូតដល់ខែឧសភា និងកើនឡើងដល់ ៧០% ក្នុងខែមិថុនា ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យមានការប្រែប្រួលទាំងផ្នែកសីតុណ្ហភាព និងរបបទឹកភ្លៀង។

សម្រាប់ស្ថានភាពក្នុងរដូវប្រាំង ចាប់ពីពាក់កណ្តាលខែមីនាដល់ខែមេសា សីតុណ្ហភាពអប្បបរមា និងអតិបរមាត្រូវបានរំពឹងថាមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដោយក្នុងនោះខែមេសាអាចនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមាឡើងដល់ ៣៨ អង្សាសេ។ ចំពោះរបបទឹកភ្លៀងវិញ នៅតាមតំបន់ទំនាបកណ្តាល ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលភាគច្រើនជាភ្លៀងកក់ខែក្នុងកម្រិតពីមធ្យមទៅច្រើន រួមជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងកើតមានឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេស។

ដោយឡែក ចំពោះការចូលមកដល់នៃរដូវវស្សា ក្រសួងបានព្យាករថា នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ដែលតាមបច្ចេកទេសគឺលឿនជាងកាលពីឆ្នាំ២០២៥ កន្លងទៅ។ នៅក្នុងដើមរដូវវស្សានេះ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា នឹងទាបជាងមធ្យមភាគច្រើនឆ្នាំបន្តិចវិញ ប៉ុន្តែបរិមាណទឹកភ្លៀងនឹងមានកម្រិតខ្ពស់ជាងធម្មតា។ ភ្លៀងនឹងធ្លាក់ពីមធ្យមទៅច្រើនក្នុងលក្ខណៈរាយប៉ាយបានល្អប្រសើរ ប៉ុន្តែក៏នៅតែបន្តមានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គួរឱ្យកត់សម្គាល់ផងដែរ ចំណែកឯកម្ពស់រលកសមុទ្រអាចមានកម្រិតមធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមាដល់ ១,៧៥ ម៉ែត្រ។

ជាចុងក្រោយ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ បន្ថែមពីនេះ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូររដូវនេះ។

Share.