សិល្បៈជាតិ៖ នៅថ្ងៃបើកឆាកវគ្គThe Battles សប្ដាហ៍ទី ១ នៅយប់ថ្ងៃទី ១៦ កក្កដា ២០២៣ (យប់មិញនេះ) ទស្សនិកជនបានមើលឃើញថា បេក្ខជន សរ ស៊ីណារ៉ាត់ ដែលជាបេក្ខជនលេចធ្លោមានសមត្ថភាពច្រៀងខ្លាំង និងជាកូនក្រុមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានរបូតចេញពីកម្មវិធី The Voice Cambodia យ៉ាងគួរឱ្យសោកស្ដាយបំផុត រហូតមានអ្នកសិល្បៈ និងមហាជនជាច្រើននាក់កើតទុក្ខមិនសុខចិត្ត នាំគ្នាវែកញែកពីរឿងនេះ។

បេក្ខជន សរ ស៊ីណារ៉ាត់ ត្រូវបានមហាជនកត់សម្គាល់ពីសមត្ថភាពច្រៀងរបស់លោក ទាំងការប្រើបច្ចេកទេសច្រៀង និងបទពិសោធន៍របស់លោកធ្លាប់ឆ្លងកាត់ការហ្វឹកហាត់សិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈ។ ហើយនៅក្នុងវគ្គប្រកួតប្រជែងថ្មីនេះ លោកត្រូវបានគ្រូបង្វឹកចាប់ដៃគូឱ្យច្រៀងជាមួយបេក្ខនារី គឹម សុវណ្ណ ដែលមានសមត្ថភាពអាចច្រៀងភាសាអង់គ្លេសបានល្អដូចគ្នា។ ជាលទ្ធផល បេក្ខជន សរ ស៊ីណារ៉ាត់ ត្រូវបានធ្លាក់ចេញពីកម្មវិធី បន្ទាប់ពីពិន្ទុរបស់បេក្ខនារី គឹម សុវណ្ណ ឈ្នះចិត្តគ្រូបង្វឹកច្រើនជាង។ ហើយលោកក៏មិនត្រូវបានគ្រូបង្វឹក 3 រូបទៀត Steal យករូបលោកឡើយ។
ហេតុការណ៍នេះបានធ្វើឱ្យអ្នកសិល្បៈ និងមហាជនមួយចំនួនតូចសម្ដែងការមិនអស់ចិត្តជាខ្លាំង ដោយពួកគេលើកឡើងស្រដៀងៗគ្នា សោកស្ដាយចំពោះអ្នកមានសមត្ថភាពខ្លាំងមិនបានឡើងទៅវគ្គបន្តទៀត បានត្រឹមតែកំដរឆាកដំបូងតែប៉ុណ្ណោះ។ ប៉ុន្តែក៏មានមតិមហាជនមួយចំនួនធំទៀតនិយាយថា សមត្ថភាពអ្នកទាំងពីរត្រសងគ្នា ដែលធ្វើឱ្យគ្រូបង្វឹកផ្ទាល់ពិបាកក្នុងការសម្រេចចិត្តខ្លាំងដូចគ្នា។
ជាក់ស្ដែងលោក សុក សុភា អតីតតារាសម្ដែងភាពយន្តមានមតិលើកឡើងថា ៖ «វគ្គនេះមិនគួរយកជើងខ្លាំងដាក់ជាមួយគ្នានោះទេធ្វើអីចឹងអត់ត្រូវ សោះបើតាមការស្តាប់ច្រៀងបានពីរោះមានសមត្ថភាពល្អដូចគ្នា តែដល់ពេលមនុស្សមានសមត្ថភាពពេលខ្លួនធ្លាក់ហើយខូចអត់មានអ្នក Steal គ្នាទៀត មើលហើយមានអារម្មណ៍ថាអយុត្តិធម៌ដល់ប្អូនប្រុសណាស់»។
ហើយក៏មានមហាជនមួយចំនួនទៀតបញ្ចេញមតិផ្សេងៗគ្នាដូចខាងក្រោមនេះ៖





គួរដឹងថា ការប្រលងប្រជែងរាល់កម្មវិធី តែងតែមានជាប់ និងមានធ្លាក់ជារឿងធម្មតា ព្រោះថា ម្ចាស់ពានរបស់កម្មវិធីគឺមានតែម្នាក់ប៉ុណ្ណោះជាជើងខ្លាំងដែលទទួលបាន។ យ៉ាងណាមិញ គ្រប់គ្នារំពឹងថា ចំពោះបេក្ខជន សរ ស៊ីណារ៉ាត់ នឹងត្រឡប់មកវិញនៅរដូវកាលក្រោយៗទៀត ហើយបង្ហាញសមត្ថភាពល្អជាងនេះមួយកម្រិតទៀត៕

