អ្នកវិទ្យាសាស្ត្រកំពុងអំពាវនាវឲ្យមានការវិលត្រឡប់មកពាក់ម៉ាសនៅទូទាំងចក្រភពអង់គ្លេសឡើងវិញ ចំពេលមានការព្រួយបារម្ភអំពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនមួយប្រភេទ ដែលមានសមត្ថភាពខ្លាំងជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily Record នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។
មេរោគនេះអាចបំប្លែងចេញពីវីរុស Omicron – ឥឡូវនេះមនុស្ស ១នាក់ ក្នុងចំណោមមនុស្ស ១០នាក់ មានផ្ទុកមេរោគកូវីដ។
![](https://cdn.troryorng.com/wp-content/uploads/2023/08/27220111/116084819_smallergettyimages-1204224469-1.jpg)
បន្ថែមពីលើនេះ ប្រភេទមេរោគបំប្លែងខ្លួនប្រភេទថ្មី ដែលហៅថា BA.6 បានបង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃការកើនឡើងនៃការឆ្លងមេរោគបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ឥលូវនេះ មានប្រទេសចំនួន២ ដូចជា៖ ប្រទេសដាណឺម៉ាក និងអ៉ីស្រាអែល បានបញ្ជាក់ពីការរកឃើញករណីនៃវីរុស BA.6 ដោយអ្នកជំនាញបានអះអាងថា មេរោគនេះកំពុងចរាចរនៅក្នុងប្រទេសទាំង២នេះ ដោយបង្ហាញឲ្យឃើញនូវ «ការព្រួយបារម្ភ» រួចទៅហើយដោយសារតែសមត្ថភាពនៃការបំប្លែងខ្លួនរបស់វា។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Mirror។
![](https://cdn.troryorng.com/wp-content/uploads/2023/08/27220110/covidstrainscientists.png)
ហើយឥឡូវនេះ អ្នកជំនាញកំពុងព្រមានថា ប្រជាជនគួរតែចាប់ផ្តើមពាក់ម៉ាស់ម្តងទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ។
ស្របពេលជាមួយគ្នា វេជ្ជបណ្ឌិត Trisha Greenhalgh អ្នកជំនាញផ្នែកថែទាំសុខភាពបឋមនៅសាកលវិទ្យាល័យ Oxford បានសរសេរនៅលើ Twitter ថា «ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុង WhatsApp របស់ខ្ញុំកំពុងមានការភ្ញាក់ផ្អើល។ យើងសុំអំពាវនាវដល់មនុស្សទាំងឡាយ ឲ្យចាប់ផ្តើមពាក់ម៉ាសឡើងវិញ ដោយសារឥទ្ធិពលនៃវីរុសដែលគេឲ្យឈ្មោះថា BA.6 »។
![](https://cdn.troryorng.com/wp-content/uploads/2023/08/27220109/mask-mandate-ends-on-airplanes-1-6085219-1664230575718.jpg)
ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Christina Pagel មកពីសាកលវិទ្យាល័យ University College of London បានពន្យល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាវាជា «ថ្ងៃដំបូងបំផុត»។ ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Pagel ដែលជាសមាជិកនៃក្រុម Independent SAGE បានទទួលស្គាល់ថា វីរុសបំប្លែងខ្លួនថ្មីនេះមានការផ្លាស់ប្តូរទម្រង់ថ្មីជាច្រើន ដែលធ្វើឲ្យវាខុសពីប្រភេទវីរុសបំប្លែងខ្លួនប្រភេទ Omicron» នេះមានន័យថា វាមានសក្ដានុពលជាងមុន ហើយអាចបង្កឲ្យមានរលកនៃការឆ្លងច្រើន និងឆាប់រហ័ស។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនក៏បានលើកឡើងផងដែរថា ដោយសារតែកម្រិតខ្ពស់នៃអ្នកចាក់វ៉ាក់សាំងបង្ការនៅទូទាំងចក្រភពអង់គ្លេស ពេលនេះ យើងមិនចាំបាច់ត្រូវភ័យស្លន់ស្លោឡើយ ហើយអះអាងថា ការរឹតបន្តឹងដូចកាលសម័យរោគរាតត្បាតខ្លាំង ក៏មិនចាំបាច់មានដែរ។
![](https://cdn.troryorng.com/wp-content/uploads/2023/08/27220108/2VIRUS-DELTA1-mediumSquareAt3X-v3-1024x1024.jpg)
យ៉ាងណាម៉ិញ សាស្ត្រាចារ្យ Pagel បានបន្ថែមថា ការព្រួយបារម្ភជាចម្បងនោះ គឺថា ការឆ្លងមេរោគនឹងបង្កឲ្យមានភាពតានតឹងលើ NHS ជាមួយនឹងករណីកើនឡើងក្នុងពេលដំណាលគ្នានឹងការឆ្លងមេរោគគ្រុនផ្តាសាយ និងករណីវីរុស syncytial ជាជំងឺផ្លូវដង្ហើម ដែលអាចចាប់ផ្តើមកើនឡើងនៅក្នុងខែក្រោយនៃឆ្នាំនេះ។
សូមជម្រាបថា បច្ចុប្បន្ន មេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ កំពុងជំរុញឲ្យអត្រាអ្នកជំងឺចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅចក្រភពអង់គ្លេស មានការកើនឡើងជាថ្មី។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនថ្មីនេះ មានធាតុកំឡាយជាង៣០% នៅក្នុងសរសៃប្រូតេអ៉ីន ធ្វើឲ្យវាអាចតោងជាប់កោសិកាមនុស្ស ហើយបង្កការចម្លង៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)