សង្ស័យអ្នកបើកស្រវឹងស្រា រថយន្តឡិចស៊ីសNX200t មួយគ្រឿង បោះពួយលឿនស្លេវ ហោះឡើងចិញ្ចើមផ្លូវ ទៅបុកបង្គោលភ្លើង និងផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យដាច់ រថយន្តជា២កំណាត់ អ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សព ជនរងគ្រោះមាន ឈ្មោះ  ស៊ុន  សុភាព  ភេទប្រុស  អាយុ ២១ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលមានទីលំនៅ ភូមិឡរកំបោ  សង្កាត់ ស្វាយប៉ាក  ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ  ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អំឡុងពេលកើតហេតុ ជាពេលដែលត្រូវអនុវត្តបម្រាមគោចរ គេឃើញរថយន្តឡិចស៊ីស NX200t ពណ៌ ស  ពាក់ ស្លាក លេខ  ភ្នំពេញ 2 AU-1056 បើកបរ  ពី កើតទៅលិច ល្បឿនលឿនខ្លាំងសង្ស័យអ្នកបើកស្រវឹង ។លុះដល់ចំណុចកើតហេតុ បែរជា ហោះឡើងចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើង និងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដាច់ រថយន្ត ជា២កំណាត់ ខ្ទេចទាំងស្រុង អ្នកបើកស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃ ស្នងការដ្ឋាននគរបាលភ្នំពេញ ចំណែកសពជនរងគ្រោះត្រូវបាន ប្រគល់ ជូនក្រុមគ្រួសារចាត់ចែងដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី។

សម្ថកិច្ចបានធ្វើតេស្តសំណាកទៅលើសាកសពផងដែរ ជាលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ-១៩ ៕

Share.