ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិច eCambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១២ ហើយកាលពីថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា កីឡាករ ទឹម វង្សរ៉ាវុធ តំណាងក្លិបណាហ្គាវើលដ៍ គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី១២ ពោលគឺរកបាន ៣២គ្រាប់។

មិនត្រឹមតែជាកីឡាករដែលរកគ្រាប់បាល់បានច្រើននោះទេ ទឹម វង្សរ៉ាវុធ គឺជាកីឡាដែលជួយឱ្យក្លិបណាហ្គាវើលដ៍ ឡើងមកឈរនៅក្នុងកំពូលតារាង ក្រោយឆ្លងកាត់១២ប្រកួត ឈ្នះ៧ ស្មើ២ និងចាញ់៣ មាន២៣ពិន្ទុក្នុងដៃ។

ការប្រកួតចុងក្រោយរបស់ ទឹម វង្សរ៉ាវុធ គឺបានយកឈ្នះលើកីឡាករ ភោគ សុបញ្ញា តំណាងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៦-២។

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕

Share.