ថ្ងៃព្រហស្បិ៍ ទី១២ មីនា ស្អែកនេះ នឹងឈានដល់ការប្រកួតជើងទី២ រវាងព្រះខ័នរាជស្វាយរៀង ជាមួយភ្នំពេញក្រោន នៃពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ នៅក្នុងពហុកីឡដ្ឋានជាតិ មរតតេជោ ម៉ោង ៧:០០នាទីយប់។

ក្នុងសន្និសីទសារព័ត៌មាន មុនជំនួបជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ គ្រូបង្វឹកក្រុមទាំង២ បានលើកឡើងពីការត្រៀមខ្លួន ក៏ដូចជាការយល់ឃើញរៀងៗខ្លួន ។
លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា រាល់ការប្រកួតជាមួយភ្នំពេញក្រោន តែងតែលំបាក ហើយជំនួបជើងទី២ ស្អែកនេះ នឹងធ្វើឡើងក្រោមបរិបទផ្សេងគ្នា ដែលពួកយើងនឹងព្យាយាមធ្វើឱ្យបានល្អ ដើម្បីឡើងវគ្គបន្ដ។
ដោយឡែកសម្រាប់ការលើកឡើងរបស់ ស៊ីដាន់ កាលយើងនិយាយជាក្រុមដល់វគ្គ ៨ក្រុម គឺបានន័យថា នៅក្នុង Group Stage យើងចប់បញ្ចប់នៅកំពូលតារាង ចឹងយើងនឹងប៉ះក្រុមលេខ២ នៅពូលមួយទៀត។ នេះហើយជាផែនការរបស់យើងបានរៀបចំ។

ដោយលែកសម្រាប់ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ក៏បានលើកឡើងថា ជាការពិតណាស់ រាល់ពេលពួកយើងមកទីនេះ (ពហុកីឡដ្ឋានជាតិមរតកតេជោ) យើងតែងមានភាពវិជ្ជមាន ព្រោះមានទីលានដ៏ស្រស់ស្អាត ដែលជាកម្លាំងចិត្តសម្រាប់ក្រុម និងកីឡាករធ្វើបានកាន់តែល្អ ហើយថ្ងៃស្អែក។
លោក Oleg បន្ថែមថា កីឡាករនឹងរក្សាការធ្វើបានល្អបន្ដទៀត ទោះមានឱកាសត្រឹម ១ភាគរយ ក៏យើងត្រូវតែប្រឹងប្រែងសម្រាប់ការប្រកួត ហើយយើងក៏ត្រូវការសំណាងបន្តិចបន្តួចផងដែរ ប៉ុន្តែមិនមែនពឹងលើសំណាងច្រើននោះទេ។ក៏សង្ឃឹមថា ទោះបីមានភាគរយទាបយ៉ាងណា។

គួរបញ្ជាក់ថា ចប់ការប្រកួតពេញ ៩០នាទីដ៏តានតឹង នៅជើងទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ដោយលទ្ធផល ៤ទល់និង១ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប AFC Challenge League 2025-26 ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ២ម៉ឺននាក់ នាពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវបានចាប់ផ្ដើម វគ្គ៨ក្រុមតំបន់ខាងកើតចាប់ផ្ដើមនៅថ្ងៃទី៥ មីនា ស្របពេលតំបន់ខាងលិត ត្រូវបានពន្យាពេល ដោយសារស្ថានភាពភូមិសាស្ត្រ ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


