

ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ ឈានដល់វគ្គ៨ក្រុមចុងក្រោយជើងទី២ហើយ ដោយក្លិបនៅកម្ពុជា ចំនួន២ នឹងត្រូវកំណត់យកតែ១ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គ៤ក្រុមចុងក្រោយតំណាងឱ្យកម្ពុជា ប្រកួតប្រចាំតំបន់អាស៊ីខាងកើតនេះ។

កាលពីជើងទី១ ម្ចាស់ផ្ទះភ្នំពេញក្រោន របូតគ្រាប់បាល់រហូតទៅដល់៤គ្រាប់ ធ្វើឱ្យក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ ដោយលទ្ធផល ៤-១ ខណៈកាលប្រកួតនោះធ្វើនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង២ម៉ឺននាក់។
អត្ថបទពាក់ព័ន្ធ៖ Peprah Kwame ស៊ុត Hat-Trick ជួយឱ្យស្វាយរៀង ឈ្នះនៅជើងទី១ ពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប

ដូចនេះជើងទី២ ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯករងឆ្នាំចាស់ ត្រូវរៀបចំទទួលក្រុមភ្នំពេញក្រោន វិញម្តង ដោយកាលប្រកួតនោះនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:០០ នាទីយប់។
សូមបញ្ជាក់ដែរថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទីបអាស៊ីនេះ គឺបានដំណើរការតែ៤ក្រុមប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ីខាងកើត ស្របពេលការប្រកួត៤ក្រុមផ្សេងទៀត នៅតំបន់អាស៊ីខាងលិច គឺពុំទាន់អាចរៀបចំបានឡើយ ក្រោមហេតុផលនៃវិវាទសង្គ្រាមមជ្ឈិមបូព៌ា ។
សម្រាប់កម្មវិធីប្រកួត ទាំង២ជើង របស់ក្រុមទាំង២៖
- ជើងទី១ ភ្នំពេញក្រោន ១-៤ ព្រះខ័នរាជស្វាយរៀង ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ

- ជើងទី២ ព្រះខ័័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ពហុកីឡដ្ឋានមរតកតេជោ
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ ម្ចាស់ជើងឯកបានទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ២ទល់នឹង១ ក្រោយចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា ២០២៥៕

