បើយោងតាមការផ្សាយរបស់ Sweeper បានបញ្ជាក់ថាកោះ Nauru ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ទើបតែទទួលបានសិទ្ធពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បង្កើតជាសហព័ន្ធប្រចាំកោះជាផ្លូវការ ខណៈដែលផែនការនឹងយកគ្រូបង្វឹកម្នាក់ធ្លាប់ដឹកនាំក្រុមនៅលីគទី២របស់កម្ពុជា (Cambodian League 2)។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27152404/Nauru-stadium-1024x768.jpg)
បើតាមប្រភពខាងលើបញ្ជាក់ថាប្រទេសមួយក្នុងចំណោម២ នៅលើផែនដីនេះ មិនដែលធ្លាប់បានប្រកួតលើឆាកអន្តរជាតិនៅឡើយនោះទេ ដោយក្នុងនោះមានកោះ Marshall និងកោះ Nauruផ្ទាល់តែម្តង។ សហព័ន្ធកីឡាបាល់ទាត់កោះ Nauru សង្ឃឹមថានឹងចាប់ផ្តើមវិស័យបាល់ទាត់ ជាមួយនឹងការតែងតាំងគ្រូបង្វឹកជនជាតិអង់គ្លេស Darren Pomroy។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27152403/Darren-Pomroy-1024x683.jpg)
លោក Darren Pomroy ធ្លាប់បានចាប់អាជីពនៅប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ ដោយលោកបានបង្កើតក្រុមបាល់ទាត់ Next Step (ប្តូរឈ្មោះជា Angkor City) សមាជិកពានរង្វាន់លីគទី២របស់កម្ពុជា។ ប៉ុន្តែនៅថ្ងៃទី២០ ខែកុម្ភៈ ថ្មីៗនេះ ក្លិបអង្គរស៊ីធី បានប្រកាសពីការដកសិទ្ធិចេញពីពានរង្វាន់លីគទី២រដូវកាល២០២៣-២៤ នេះ ដោយសារវិបត្តិហិរញ្ញវត្ថុ។
ជាមួយគ្នាក្លិបអង្គរស៊ីធីត្រូវពិន័យមិនអោយប្រកួតរយៈពេល១ឆ្នាំ, ពិន័យទឹកប្រាក់១ពាន់ដុល្លារអាមេរិក និងពិន័យលោក Darren Pomroy ដែលជាគ្រូបង្វឹករយៈពេល១ឆ្នាំ ដែរ។ គ្រានោះក្លិបក៏បានបញ្ជាក់ពីការប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Cambodian Premier League ខាងលើនេះ។
បើតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់ Nauru ថាលោក Darren Pomroy នឹងធ្វើដំណើរទៅដល់កោះរបស់ខ្លួនក្នុងពេលឆាប់ៗ ដើម្បីរៀបចំក្រុម បើទោះជានៅលើកោះនេះគ្មានកីឡាករសូម្បី១នាក់ក្ដី។ ក្នុងផែនការក្រុមកោះ Nauru ត្រៀមណាត់ក្រុម American Samoa ប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននៅអំឡុងខែសីហា ឆ្នាំ២០២៤ ខាងមុខនៅទឹកដីAmerican Samoa។
ក្នុងពេលចុះឈ្មោះស្នើសុំពី FIFA កោះNauru ស្ថិតនៅក្រោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអូសេអានី។ កោះនេះមានផ្ទៃដី២១គីឡូម៉ែត្រការ៉េ ដោយមានប្រជាជនរស់នៅប្រមាណជាង១ម៉ឺននាក់។ កោះ Nauru ទទួលបានឯករាជ្យពីបក្សសម្ព័ន្ធ United Nations trust territories ដែលមានចក្រភពអង់គ្លេស,អូស្ត្រាលី និងនូវែលហ្សេឡង់ ជាសម្ព័ន្ធមិត្ត ក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)