ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈ របស់របរក្នុងបន្ទប់ជួលរបស់កម្មករ គ្រាដែលម្ចាស់បន្ទប់មិននៅ បង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះ ទាំងអ្នកជិតខាងជាប់នោះភ័យលស់ព្រលឹង តែសំណាងល្អត្រូវបានគេជួយពន្លត់ទាន់ពេល គ្រាន់តែខូចខាតសម្ភារៈបន្តិចបន្តួច និងឆេះពិដានជ័រជាងលើ។ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ផ្លូវបេតុង ខាងក្រោយជាប់រោងចក្រQMI នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា ម្ចាស់បន្ទប់មិននៅទេ រាល់ថ្ងៃចាក់សោបន្ទប់ចេញទៅធ្វើការងារតាំងពីព្រឹម រហូតដល់ព្រលប់ទើបវិលត្រឡប់មកវិញ ស្រាប់តែនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់កើតហេតុ ទើបអ្នកជិតខាងនាំគ្នាជួយគាស់ទ្វារ ចូលបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញ ។

ករណីភ្លើងឆេះក្នុងបន្ទប់ជួលរបស់កម្មករខាងលើ បើតាមសមត្ថកិច្ច អាជ្ញាធរ ឡើងទៅពិនិត្យមើលជាក់ស្តែង សង្ស័យផ្តើមចេញពីផ្ទុះដែកកេះហ្គាស ព្រោះចង្ក្រានហ្គាស កំប៉ុងហ្គាស ខ្សែភ្លើង នៅស្អាតទាំងអស់ ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.