កណ្ដាល៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ និងត្រួតពិនិត្យគុណភាពផ្លូវ នៃគម្រោងសាងសង់ផ្លូវចំនួន ៣ខ្សែ នៅក្នុងខេត្តកណ្ដាល ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូរអង្វែង។

គម្រោងផ្លូវទាំង ៣ខ្សែ រួមមាន៖ ខ្សែទី១ ផ្លូវព្រែកជ្រៃ–ចុងខ្សាច់ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៩៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រែកជ្រៃក្រៅ សង្កាត់ព្រែកជ្រៃ ទៅកាន់ភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល។ ផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៥,៥៦៩គ្រួសារ ស្មើនឹង ២៥,៦៨៧នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៨,០៨៧គ្រួសារ ស្មើនឹង ២៧,៨២៦នាក់។


ខ្សែទី២ ផ្លូវព្រែកតាដុល–វត្តទួលរាជ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រែកតាដុល ឆ្លងកាត់ភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ទៅកាន់ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៧,២៥៨គ្រួសារ ស្មើនឹង ៣២,២៦៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១០,៥៤៦គ្រួសារ ស្មើនឹង ៤៦,៧៨១នាក់។

ខ្សែទី៣ ផ្លូវព្រែកឃុត–ចុងកោះគរ ជាផ្លូវក្រាលបេតុង មានប្រវែង ៤,០៧គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិពោធិ៍លើ ឃុំត្រើយស្លា ទៅកាន់ភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៨,៨៣៤គ្រួសារ ស្មើនឹង ៣៩,៧៩៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១២,២៩១គ្រួសារ ស្មើនឹង ៥៤,៩០៤នាក់ ហើយបានបញ្ចប់ការសាងសង់រួចរាល់ ១០០ភាគរយ កាលពីខែធ្នូ ឆ្នាំ២០២៥។ សម្រាប់ខ្សែផ្លូវទី១ និងទី២ បានចាប់ផ្ដើមសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន សម្រេចវឌ្ឍនភាពបានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ព្រមទាំងពន្លឿនល្បឿនសាងសង់ឱ្យស្របតាមកិច្ចសន្យា ដើម្បីឱ្យគម្រោងផ្លូវទាំងនេះអាចបម្រើការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋបានយូរអង្វែង៕
អត្ថបទ៖ ចតុម្មុខ

