យោងតាម ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នេះថា នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ ៤៩៩ លើក ស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។

របាយការណ៍បានបង្ហាញថា កាលពីឆ្នាំ ២០២៥ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន ២ ៣៤៥ លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១ ៤៦៧ ខណៈអ្នករងរបួសធ្ងន់មានចំនួន ១ ៨៦៩ នាក់ និងរបួសស្រាល ១ ៣៤៤ ។ របាយការបានចង្អុលបង្ហាញថា ជនរងគ្រោះដែលមិនពាក់មួកសុវត្ថិភាពមានចំនួនដល់ទៅ ២ ០៦៨ នាក់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកច្រើនជាងគេប្រចាំឆ្នាំ ២០២៥ គឺកត្តាល្បឿន ១១៤៩ លើក, កត្តាមិនគោរពសិទ្ធិ ៤៩១ លើក មិនប្រកាន់ស្ដាំ ២៥៨ លើក ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៥៤ លើក។

ប្រសិនបើមើលថយក្រោយទៅកាន់ឆ្នាំ ២០២៤ របាយការណ៍បានបង្ហាញថា ២៨៤៤ លើក បណ្ដាលឲ្យមានអ្នកស្លាប់ ១៥០៩នាក់ របួសធ្ងន់ ២២៧៣ នាក់ របួសស្រាល ១៤៤៧នាក់ ជនរងគ្រោះដែលមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២៤៧៧នាក់៕

Share.