មន្ត្រីជំនាញបានអះអាងថា ជំងឺដុំពកស្បែកលើសត្វគោបានកើនឡើងជាង ៣ ០០០ក្បាល និងបណ្តាលឲ្យងាប់មួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១នេះថា បច្ចុប្បន្នខេត្តបាត់ដំបង មានប្រជាកសិករចិញ្ចឹមសត្វគោសរុបចំនួន ១៥៤,៤៥៧ក្បាល។ នៅថ្ងៃទី ១៩ ខែសីហា ម្សិលមិញនេះ សត្វពាហន:ទាំងធំ ទាំងតូចខាងលើ បានឆ្លងកើតជំងឺដុំពកលើខ្លួនមានចំនួន ៣ ៧០៥ ក្បាល ។

ទាក់ទងនឹងបញ្ហាខាងលើនេះ មន្ត្រីជំនាញកំពុងពន្លឿនលើការចុះព្យាបាលបានចំនួន ១ ០៣៩ក្បាល ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២ ៦៤៧ក្បាល និងសត្វគោលដែលមានជំងឺក្នុងសភាពធ្ងន់ធ្ងរមិនអាចព្យាបាលទាន់ហើយបានងាប់មានចំនួន ១៩ក្បាលផងដែរ។

ប្រភពខាងលើបន្តថា ជំងឺប្រភេទថ្មីបង្កជាដុំពកលើខ្លួនសត្វគោខាងលើ បានកើតឡើងស្ទើរទូទាំងខេត្តបាត់ដំបង ក្នុងនោះបានកើតមាននៅក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុក ឯកភ្នំ ស្រុកបាណន់ ស្រុកសង្កែ ស្រុក រុក្ខគីរី ស្រុកមោងឬស្សី ស្រុកបវេល ស្រុកសំពៅលូន ស្រុក កំរៀង និងស្រុកភ្នំព្រឹកផងដែរ។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា  ជំងឺប្រភេទថ្មីនេះគេហៅថា ជំងឺដុំពកស្បែក ( LSD ) វាមានរោគសញ្ញាលើស្បែកដងខ្លួន កញ្ចឹងក ច្រមុះ ប្រដាប់ភេទ ឬកន្សោមដោះជាដើម ហើយដំណាក់កាលចុងក្រោយវាក្លាយជាដំបៅមានក្រមរ។

ជំងឺដុំពកស្បែកនេះ នៅអំឡុងខែ ឧសភា និងខែ មិថុនា វាបានផ្ទុះឡើងដំបូងនៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ហើយមន្ត្រីជំនាញបានចុះទៅព្យាបាលបានទាន់ពេលវេលា ក្រោយមកទៀតជំងឺដដែលនេះបានរាលដាលមកដល់ស្រុក រតន:មណ្ឌល ស្រុកសង្កែ ស្រុករុក្ខគីរី ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡមួយចំនួនទៀត៕

អត្ថបទ : ដំបងក្រញូង

Share.