បច្ចុប្បន្នទីផ្សារប្រដាល់គុនខ្មែរ នៅក្នុងប្រទេសកម្ពុជា បានឈានដល់កម្រិតខ្ពស់ ដោយអ្នកប្រដាល់ល្បីៗឈ្មោះមួយចំនួនមានតម្លៃខ្លួនដល់ម៉ឺនដុល្លាររាល់ពេលឡើងសង្វៀនម្ដងៗ ដោយមានប្រកួតខ្លះទៀតមានដាក់រថយន្ត សម្រាប់ផ្ដល់ជូនកីឡាករជ័យលាភីផងដែរ។ លើសពីនេះគុនខ្មែរ ក៏បានបង្ហាញឱ្យពិភពលោកក៏ដូចជាប្រទេសជិតខាងបានស្គាល់ពីក្បាច់គុនបុរាណខ្មែរកាន់ច្បាស់ជាងមុន ពិសេសនៅលើកឆាកអន្តរជាតិតាមរយ:ការឡើងប្រកួតប្រដាល់របស់កីឡាករលំដាប់ៗនៅកម្ពុជា។
ថ្ងៃសារព័ត៌មានត្រយង សូមបង្ហាញមុខកីឡាករគុនខ្មែរចំនួន ៦រូបដែលបានប្រើប្រាស់ក្បាច់គុនដូនតាខ្មែរ រហូតបានឈ្នះរថយន្តម្នាក់១គ្រឿង៖
ទី១៖ អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ បានក្លាយជាម្ចាស់រថយន្តពីកម្មវិធីគុនខ្មែរអលស្តារ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមកីឡាករគុនខ្មែរចំនួន ៣នាក់ផ្សេងទៀត ដែលជាបេក្ខភាពដណ្តើមរថយន្ត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ មុននឹងក្លាយជាម្ចាស់រថយន្តពីកម្មវិធី បេក្ខភាពទាំង៤រូបត្រូវឈ្នះដៃគូជាដាច់ខាតក្នុងនោះរួមមាន៖ ម៉ានូ សិល្បៈផ្តួល ឆាតសាម័យយឹម (ឡាវ) ត្រឹមទឹកទី២, ពេជ្រ សម្បត្តិ ឈ្នះ Saw Kolo(ភូមា) ត្រឹមទឹក២, អេលីត សាន់ ឈ្នះ Zaw Aye See(ភូមា) ខណៈ រឿង សោភ័ណ្ឌ ផ្តួល Omar El Ouers (ម៉ារ៉ុក) ត្រឹមទឹកទី១។ យ៉ាងណា អ្នកគាំទ្រប្រដាល់ក្បាច់គុនបុរាណខ្មែរ បានបោះឆ្នោតឱ្យពេជ្រ សម្បត្តិ ឈ្នះរថយន្តនៅក្នុងកម្មវិធីដ៏ធំនេះ។
ទី២៖ ជើងខ្លាំងគុនខ្មែរ ឃឹម បូរ៉ា ឈ្នះឡាន១គ្រឿង ក្រោយផ្តួលគូប្រកួត អេលីត សាន់ ត្រឹមទឹកទី១ ពីព្រឹត្តិការណ៍ប្រដាល់ប៊ូសស្ត្រងឲ្យរថយន្ត នាយប់ថ្ងៃទី១១ តុលា នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ មុនប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាករកម្ពុជា៤រូប អេលីត សាន់ ឈិត សេរីវណ្ណថង ឃឹម បូរ៉ា និង ទូច ដេវីត ត្រូវប្រកួតជាមួយបរទេសនៅវគ្គទី១ រៀងៗខ្លួនក្រោយពេលឈ្នះ គឺត្រូវរង់ចាំសារច្រើនជាងគេលេខ១ និងលេខ២ នឹងត្រូវឡើងទៅប្រកួតជាមួយគ្នានៅវគ្គទី២នេះ អ្នកឈ្នះបានឡាន១គ្រឿងភ្លាម។
ទី៣៖ កីឡាករវ័យ២០ឆ្នាំ អេ អាំម៉ារីន ទទួលបានរង្វាន់រថយន្ត Pick-Up ថ្មីសន្លាង ១គ្រឿងពី Ganzberg កាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លើសង្វៀន ក្នុងទឹកដីនៃប្រទេសអូស្រ្តាលី។ កូនប្រុសវីរបុរសគុនខ្មែរ អេ ភូថង រូបនេះ បានវាយឈ្នះដៃគូកីឡាករ Clinton Coke ជនជាតិអូស្រ្តាលី ដោយលោកអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី៤។ ជ័យជម្នះនេះកីឡាករ អេ អាំម៉ារីន ទទួលបានខ្សែក្រវ៉ាត់គុនខ្មែរពិភពលោកទម្ងន់៦៦គីឡូក្រាម និងទទួលបានរង្វាន់រថយន្តថ្មី ១គ្រឿង។
ទី៤៖ កីឡាករជើងខ្លាំងមានរហស្សនាម «អ្នកលេងពូថៅដៃ» ធឿន ធារ៉ា ដណ្ដើមយកជ័យជម្នះចំនួន៣លើកជាប់ៗគ្នា ពីការប្រកួតគុនខ្មែរ Kun Khmer World Cup 2023 នាយប់ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នឹងបានក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម និងទទួលបានកាដូយក្ស គឺរង្វាន់ឡាន Pick-Up ថ្មីសន្លាង១គ្រឿងទៀតពីម្ចាស់ឧបត្ថម្ភធំ។
ទី៥៖ កីឡាករគុនខ្មែរ លន បញ្ញា បានក្លាយជាម្ចាស់រថយន្តខ្លាញ់គោថ្មីមួយគ្រឿងម៉ាក Mazda Seden ពីប៊ូសស្រ្តង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះកីឡាករ មឿន សុខហ៊ុច ក្រោយមានសម្លេងឆ្នោតគាំទ្រឲ្យឡើងទៅប្រកួតវគ្គដណ្ដើម ក្នុងចំណោមកីឡាករគុនខ្មែរ ៤រូបមាន ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ, ជើងរន្ទះដងទន្លេសាប មឿន សុខហ៊ុច, នាគកំណាចខេត្តកោះកុង យ៉េន ឌីណា និងអ្នកលេងគុនខ្មែរ លន បញ្ញា។
ទី៦៖ កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន បានក្លាយជាម្ចាស់រថយន្តខ្លាញ់គោថ្មីពីប៊ូសស្រ្តង ក្រោយយកឈ្នះ មឿន សុខហ៊ុច ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន” កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
សូមរំលឹកដែរថា ក្រៅពីអ្នកប្រដាល់ ៦រូបខាងលើកក៏នៅមានអ្នកប្រដាល់ម្នាក់ទៀតក៏ធ្លាប់ទទួលបានរង្វាន់រថយន្ត ១គ្រឿងផងដែរ គឺជាងកាត់សក់ដៃឯក ព្រុំ សំណាង ប៉ុន្តែកាលនោះមិនមែនឈ្នះដោយប្រើក្បាច់គុនប្រដាល់គុនខ្មែរលើសង្វៀន តែជាការប្រកួតក្នុងព្រឹត្តិការណ៍បីស្ត្រីពិភពលោក Boostrong Poer to Women Festival ដែលមានអ្នកចុះឈ្មោះចូលរួមចំនួន ៥០០គូ។ ជាលទ្ធផល ជើងឯកបានទៅលើកលោក យិន សំអុល អាចបីប្រពន្ធរបស់ខ្លួនឈ្មោះ សួន កល្យាណី រហូតដល់៨:១៧ ម៉ោង ហើយ ព្រុំ សំណាង បានត្រឹមលេខ២ប៉ុណ្ណោះ។ ប៉ុន្តែខាងអ្នករៀបចំកម្មវិធីបានសម្រេចប្តូររង្វាន់ពីម៉ូតូ X-Ride Adventure ទៅជារថយន្តម៉ាក Mazda Seden ដែលមានតម្លៃប្រមាណជា ៣ម៉ឺនដុល្លារ អោយ ព្រុំ សំណាង ដូចអ្នកឈ្នះជើងឯកដែរ៕