ការប្រកួត វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ ក្រុមចុងក្រោយ) នឹងឈានមកបញ្ចប់នៅថ្ងៃទី១៨ ស្អែកនេះ ដែលកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅបានបិទបញ្ចប់សម្រាប់ ២ប្រកួត ដែលរួមមាន បឹងកេត យកឈ្នះទៅលើកងយោធពលខេមរភូមិន្ទ ដោយលទ្ធផលសរុបទាំងពីរជើង ៤-០ និងវិសាខា ទទួលជ័យជម្នះទៅលើណាហ្គាវើលដ៍ ដោយលទ្ធផលសរុបទាំងពីរជើងផងដែរនោះគឺ ៦-២ ដូច្នេះបឹងកេតនឹងត្រូវរង់ចាំគិរីវង់សុខសែនជ័យ ឬព្រះខ័នរាជស្វាយរៀង និងវិសាខា ត្រូវរង់ចាំអាយអេសអាយ ដង្កោសែនជ័យ ឬភ្នំពេញក្រោន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ។

ដោយឡែកយើងរំលឹកទៅការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងគិរីវង់សុខសែនជ័យ ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលក្លិបបាល់ទាត់មានមូលដ្ឋាននៅខេត្តតាកែវ គិរីវង់សុខសែនជ័យ យកឈ្នះដោយលទ្ធផល ២ ទល់និង ១ ទៅលើក្លិបបាលទាត់ ព្រះខ័នរាជស្វាយរៀង ដែល ២គ្រាប់របស់គិរីវង់ រកបានដោយកីឡាករសញ្ជាតិ កាមេរូន Ndongo Louis Willy និង ១គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករចំណូលថ្មីថ្មោង Mendes Avles Tiago Alexandre។

ចំណែកមួយប្រកួតទៀតរវាងអាយ អេស អាយ ដង្កោសែនជ័យ ជាមួយ ភ្នំពេញក្រោន បានត្រឹមស្នើគ្នា ២ ទល់និង ២ ដោយ ២គ្រាប់របស់អាយអេសអាយ រកបានដោយកីឡាករប្រធានក្រុម Samura Umaru រួមទាំងកីឡាករវ័យក្មេង Diakite Lancine និងកីឡាករ Breno Caetano De Souza និង Dyer Moses John ជាកីឡាករដែលរកគ្រាប់បាល់បានសម្រាប់ភ្នំពេញក្រោន។

តើ គិរីវង់សុខសែនជ័យ និងអាយ អេស អាយ ដង្កោសែនជ័យ អាចធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលកើតឡើងបានដែរឬទេ? ដោយអាចមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬក៏ជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលជាក្រុមឡើងទៅវគ្គបន្ទាប់ម្តងទៀតដូចរដូវកាលមុន? រង់ចាំតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃស្អែកវេលាម៉ោង ៦:០០ នាទីល្ងាចដំណាលគ្នា៕


អត្ថបទ៖ Hun Sen Cup

Share.