បាងកក៖ រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រទេសថៃនឹងរៀបចំការបោះព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោតលើកដំបូងសម្រាប់សភាជាន់ខ្ពស់ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135433/image-1571.png)
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានគាំទ្រផែនការសម្រាប់ការបោះឆ្នោតពហុដំណាក់កាលដ៏ស្មុគស្មាញនេះ ដែលមិនរាប់បញ្ចូលការបោះឆ្នោតសាធារណៈដ៏ពេញលេញទេ។
រដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើប្រជាមតិមួយដោយសួរប្រជាជនថៃថា តើពួកគេនឹងគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានចងក្រងឡើងដោយរបបយោធាដែលកាន់អំណាចនៅឆ្នាំ២០១៧ ដែរឬទេ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135432/image-1572.png)
ព្រឹទ្ធសភាដែលមានសមាជិកបច្ចុប្បន្នចំនួន ២៥០នាក់ត្រូវបានតែងតាំងដោយរបបយោធាដែលបានដណ្តើមអំណាចក្នុងឆ្នាំ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោតសកលកាលពីឆ្នាំមុន។
គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងសភា ប៉ុន្តែមេដឹកនាំរបស់ខ្លួន លោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែលោក មិនបានប្រមូលផ្តុំការគាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135431/image-1573.png)
ម្លោះហើយបានជា លោក Srita មកពីគណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការបោះឆ្នោតនោះ ដោយបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សដែលមានទំនាក់ទំនងជាមួយយោធា។
ក្នុងដំណើរការនេះ សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) នឹងត្រូវកាត់បន្ថយសមាជិកព្រឹទ្ធសភាមកនៅត្រឹមចំនួន ២០០នាក់ ដែលនឹងត្រូវបានជ្រើសរើសពីក្រុមតំណាង ២០វិស័យផ្សេងៗ រួមមាន៖ យុត្តិធម៌ ការអប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ និងកីឡា មនុស្សចាស់ និងជនជាតិភាគតិចជាដើម។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135431/image-1574.png)
យ៉ាងណាម៉ិញ មានតែបេក្ខជនប្រជែងតំណែងសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ ទើបមានមានសិទ្ធិបោះឆ្នោត ដោយការបោះឆ្នោតដែលនឹងធ្វើឡើងចំនួន ៣ជុំ នៅថ្ងៃទី៩ ខែមិថុនា ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២៦ ខែមិថុនា ខាងមុខ។
ទាក់ទិននឹងបញ្ហានេះ អ្នករិះគន់បានអះអាងថា វិធីសាស្រ្តនេះខ្វះគោលការណ៍ប្រជាធិបតេយ្យ ហើយធ្វើឱ្យដំណើរការស្មុគស្មាញ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135430/image-1575.png)
ជាមួយគ្នា អ្នកនាំពាក្យរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Parit Wacharasindhu បានប្រាប់ AFP ថា «នេះមិនមែនជាការបោះឆ្នោតទេ ពីព្រោះសមាជិកព្រឹទ្ធសភា មិនបានមកដោយផ្ទាល់ពីសាធារណជនទេ»។
យ៉ាងណាក៏ដោយ លទ្ធផលនៃការបោះឆ្នោតត្រូវបានគេរំពឹងទុកថា នឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកក្កដា៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)