
ខ្សែបម្រើ-ប្រយុទ្ធ ជនជាតិនីហ្សេរីយ៉ា Esoh Paul Omogba ដែលធ្លាប់មានបទពិសោធន៍ច្រើនលើទីលានក្នុងលីគកំពូលកម្ពុជា Metfone Cambodian League ពេលនេះសម្រេចចិត្តចូលរួមជាមួយក្រុមបាល់ទាត់ខេត្តព្រៃវែង ហើយរូបគេជាកីឡាករបរទេសទី៣ហើយដែលមានឈ្មោះចូលរួមក្នុងក្លិបខេត្តភាគខាងកើតនេះ។
បើតាមការជូនដំណឹងរបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង នៅល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះថាសមាជិកថ្មីសម្រាប់ប្រកួតជើងទី២របស់ក្រុមខ្លួនគឺ Esoh Paul Omogba។ គិតត្រឹមពេលនេះក្រុមខេត្តព្រៃវែង ៣រូបហើយបើបូកជាមួយនឹងកីឡាករចំណូលថ្មីរូបនេះ បន្ទាប់ពីមានកីឡាករ Seon Power ជនជាតិទ្រីណាដានិងតូបាកូ និងកីឡាករអ៊ូបេគីស្ថាន Alisher Mirzaev។
កីឡាករ Esoh Paul Omogba បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដំបូងនៅឆ្នាំ២០១៦ ដោយកាលនោះបានចូលរួមជាមួយក្រុមបឹងកេត ហើយនៅឆ្នាំ២០១៧ បានចូលរួមក្រុម Yadanarbon FC នៅមីយ៉ាន់ម៉ា តែត្រឡប់មកចូលរួមបឹងកេតវិញ។ នៅឆ្នាំ២០១៩ រូបគេបានចេញពីបឹងកេត ចូលរួមជាមួយក្រុមណាហ្គាវើល និងឆ្នាំ២០២០ បានចូលរួមជាមួយក្រុមភ្នំពេញក្រោន។ រូបគេធ្លាប់ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ និងឈ្នះជើងឯករងនៅឆ្នាំ២០១៨និង២០១៩ ផងដែរ។
សម្រាប់ជើងទី២នៃពានរង្វាន់លីគកំពូលកម្ពុជា នេះខេត្តព្រៃវែង បាននាំចូលកីឡាករ ផាន សុផេន និងEsoh Paul Omogba និងកីឡាករខែ្សការពារកណ្តាល ញឹម លីហួរ ទៅកាន់ ក្លិបកីឡាបាល់ទាត់វិសាខាក្នុងខ្ចីជើង៕

