ប្រទេសថៃបានចេញការព្រមានថ្មីអំពីអាកាសធាតុក្តៅខ្លាំង នៅថ្ងៃព្រហស្បតិ៍ នេះ ខណៈរដ្ឋាភិបាលបាននិយាយថា ជំងឺគ្រុនក្តៅបានសម្លាប់មនុស្សយ៉ាងតិច ៣០នាក់រួចហើយនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Barrons news នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។
អាជ្ញាធរទីក្រុងបាងកក បានផ្តល់ការព្រមានអំពីកំដៅដ៏ខ្លាំង ខណៈសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ៥២អង្សាសេ (ឬស្មើនឹង ១២៥អង្សាហ្វារិនហៃ)។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135027/image-1672.png)
សីតុណ្ហភាពនៅក្នុងទីក្រុងរបស់ប្រទេសថៃ បានឡើងដល់ ៤០,១អង្សាសេកាលពីថ្ងៃពុធ ហើយកម្រិតស្រដៀងគ្នានេះត្រូវបានគេព្យាករណ៍សម្រាប់ថ្ងៃព្រហស្បតិ៍ នេះ។
រលកនៃអាកាសធាតុក្តៅខ្លាំងបានបោកបក់ផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ដោយជំរុញឱ្យសាលារៀនទូទាំងប្រទេសហ្វីលីពីន ផ្អាកការសិក្សាតាមថ្នាក់រៀន ខណៈអ្នកគោរពបូជានៅប្រទេសបង់ក្លាដែស ចាប់ផ្ដើមពិធី ដើម្បីបួងសួងសុំទឹកភ្លៀង។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135026/image-1673.png)
នាយកដ្ឋានបរិស្ថានរបស់ទីក្រុងបានព្រមានថា សន្ទស្សន៍កំដៅ ដែលជារង្វាស់នៃសីតុណ្ហភាព ដែលទទួលដឹងនៃអារម្មណ៍ ដោយគិតគូរពីសំណើម ល្បឿនខ្យល់ និងកត្តាផ្សេងទៀត គឺស្ថិតក្នុងកម្រិត «គ្រោះថ្នាក់ខ្លាំង» នៅក្នុងទីក្រុងបាងកក។
អាជ្ញាធរក្នុងខេត្ត Udon Thani នៅតំបន់ជនបទភាគឦសាននៃប្រទេសថៃ ក៏បានព្រមានអំពីសីតុណ្ហភាពដ៏ខ្លាំងក្លា នៅថ្ងៃព្រហស្បតិ៍ នេះផងដែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135023/image-1675-1024x683.png)
ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលបាននិយាយកាលពីល្ងាច ថ្ងៃពុធ ថាមនុស្ស ៣០នាក់បានស្លាប់ដោយសារជំងឺគ្រុនក្តៅ នៅចន្លោះពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១៧ ខែមេសា ធៀបនឹង ៣៧នាក់ក្នុងឆ្នាំ២០២៣ ជាហេតុនាំឱ្យមានការសន្និដ្ឋានថា បើគិតរយៈពេលដូចគ្នា តួលេខអាចឡើងលើសនេះ។
ដោយឡែក លោក Direk Khampaen អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានប្រាប់ AFP ថា «ក្រុមមន្ត្រីកំពុងជំរុញឱ្យមនុស្សចាស់ និងអ្នកដែលមានស្ថានភាពសុខភាពមិនល្អ រួមទាំងអ្នកជំងឺធាត់ ឱ្យស្នាក់នៅក្នុងផ្ទះ និងផឹកទឹកឱ្យបានទៀងទាត់។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135022/image-1676-1024x576.png)
ខែមេសា គឺជាពេលវេលាក្តៅបំផុតនៃឆ្នាំនេះនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារអាកាសធាតុ El Nino កាន់តែធ្ងន់ធ្ងរឡើង។
តាមការកត់ត្រា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ខេត្ត Mae Hong Son បានជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៤៤.៦អង្សាសេ ចំណែកខេត្ត Tak ក៏ជួបអាកាសធាតុក្តៅដូចគ្នានេះដែរ នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135022/image-1677.png)
ដោយឡែក សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះគឺ ៤៤.២អង្សាសេ ត្រូវបានកត់ត្រានៅខេត្តភាគខាងជើង Lampang កាលពីថ្ងៃចន្ទ ទី២២ ខែមេសា ថ្មីៗនេះ។
ចំណែកនៅព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ជាប្រទេសជិតខាងជាមួយថៃ សីតុណ្ហភាពបានឡើងដល់កម្រិត ៤៥,៩អង្សាសេ កាលពីថ្ងៃពុធ ដោយមានការរំពឹងទុកថា សីតុណ្ហភាពនៅថ្ងៃព្រហស្បតិ៍ ក៏មិនខុសពីថ្ងៃម្សិលម៉ិញទេ។ ខណៈភាពចលាចល និងជម្លោះដែលបានកើតឡើងដោយរដ្ឋប្រហារកាលពីឆ្នាំ២០២១ របស់យោធា បាននាំឱ្យមានការដាច់ចរន្ដអគ្គិសនីទូទាំងប្រទេស ដោយបង្កភាពលំបាកដល់ប្រជាជនភូមា៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)