សិល្បៈ​អន្តរជាតិ​៖ យោង​តាម​កាសែត​ជប៉ុន​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ តារា​សម្ដែងជប៉ុន Wakayama Yaoto (វ៉ាកាយ៉ាម៉ា យ៉ាអូតុ) ត្រូវបាន​ប៉ូលិសចាប់​ឃាត់​ខ្លួន​ក្រោយ​សង្ស័យ​ពី​បទ​សម្លាប់​និង​ដុត​សាកសព ដើម្បី​បំផ្លាញ​ភស្តុតាង នៅ​ក្នុង​ខេត្ត​ តូឈិ​គិ។ កាល​ពី​ថ្ងៃ​ទីមួយ​ ខែ​ឧសភា ប៉ូលិស​ជប៉ុន​បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពីការ​ចាប់​ខ្លួន​តារា​សម្ដែង​វ័យ​ក្មេង​ Wakayama Yaoto ពី​ករណីសង្ស័យថា​បាន​ប្រពឹត្តអំពើមនុស្ស​ឃាត និង​ដុត​សាកសម​នៅ​ក្នុង​ក្រុង​ Nasu( ណាស៊ុ) ខេត្ត តូឈិគិ។ នៅ​ក្នុង​ករណី​មនុស្សឃាត​នេះ​ក្រៅពី​ចាប់​ឃាត់​ខ្លួន​តារា​សម្ដែង​វ័យ​ក្មេង​ហើយ​នោះ ​ក៏​នៅ​មាន​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់​ផ្សេងទៀត​ផង​ដែរ។

ការ​ចាប់​ឃាត់ខ្លួន Wakayama គឺមាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មនុស្ស​ឃាត និង​ដុតសាកសព​បំផ្លាញ​ភស្តុតាង បើយោង​តាម​សេចក្ដី​ប្រកាស​ពី​ប៉ូលិស​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា គេ​បាន​ប្រទះឃើញ​សាកសព​ជន​រងគ្រោះ​២​នាក់​ ម្នាក់​ជា​បុរស​ហើយ​ម្នាក់​ទៀត​ជាស្ត្រី​ ក្រោយ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​មនុស្ស​ឃាត​នេះ គេរកឃើញ​ថា​ជនរងគ្រោះ​គឺជា​ប្ដីប្រពន្ធ​​នឹង​គ្នា ដោយ​អ្នក​ទាំង​ពីរ​គឺជា​កូន​កាត់​ ចិន-ជប៉ុន​។ ពួកគេ​ទាំង​ពីរ​គឺជា​អ្នក​ជំនួញ​ផ្នែក​ផ្ដល់សេវាកម្ម​អាហារ​នៅ​ក្នុង​ខេត្ត តូឈិគិ​ ផ្ទាល់​។

ក្រោយ​សិក្សានិង​ស៊ើប​អង្កេតយ៉ាងដិតដល់ ប៉ូលិស​បាន​រក​ឃើញ​ថា​ វ៉ាកាយ៉ាម៉ា និង​បក្ខពួក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ក្រោយ​ពេល​បាន​ឆែក​ឆេរ​លើ​កាមេរ៉ា​សុវត្ថិភាព​។ ជន​ផ្សំគំនិត​របស់​ វ៉ាកាយ៉ាម៉ា ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ផ្ទះរបស់​ជនរងគ្រោះ​នា​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​១៦ ខែ​មេសា។ ក្រោយ​ពី​ពួក​គេ​បាន​ទាក់ទងទៅ​ វ៉ាកាយ៉ាម៉ា រួច​ពួក​គេ​បាន​ប្រើ​ប្រាស់​រថយន្តដើម្បី​ដឹក​សាកសព​ទៅ​កន្លែង​ដុត​បំផ្លាញ​ភស្តុតាង។

បច្ចុប្បន្ន​ ជនសង្ស័យម្នាក់​បា​ន​សារភាព​ទផស​កំហុស ប៉ុន្តែ​គោលបំណងនៃ​អំពើមនុស្ស​ឃាត​នេះ​ នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយចេញ​មក​ក្រៅ​នៅឡើយ។ ប៉ូលិស​ជប៉ុន​បានបញ្ជាក់​ថា​ពួក​គេ​នឹង​បន្ត​ស្រាវជ្រាវ និង​ប្រមូល​ភស្តុតាងឱ្យ​បាន​ច្រើន​ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​នេះជា​បន្ត​ទៀត​។

គួរដឹងថា វ៉ាកាយ៉ាម៉ា យ៉ាអូតុ បាន​សម្ដែង​ភាពយន្ត​ខ្នាតធំ​ជា​ច្រើន​កាល​ពី​ក្មេង​។ ករណីមនុស្ស​ឃាត​និង​ដុត​បំផ្លាញ​សាកសព​នេះ​កំពុង​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន​មាន​ការ​តក់ស្លុត​ជា​ខ្លាំង​ ព្រោះ​តារា​រូប​នេះ​គឺជា​តារា​សម្ដែង​វ័យ​ក្មេង​ដ៏ល្បីល្បាញ​មួយ​រូប​ក្នុង​រង្វង់​សិល្បៈ​ជប៉ុន​។ ចាប់​តាំងពីអាយុ​៩ឆ្នាំ​ វ៉ាកាយ៉ាម៉ា យ៉ាអូតុ បាន​ចាប់​ផ្ដើម​ការ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ជប៉ុន​ដ៏ល្បីល្បាញ​ជា​ច្រើន​ចំណងជើង​។ ប៉ុន្តែជា​ការ​កត់​សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ វ៉ាកាយ៉ាម៉ា បាន​ចាកចេញ​ពីផលិតកម្ម​ដែល​ខ្លួន​បម្រើ​ការងារ​ ហើយ​ការ​សម្ដែង​ផ្សេងៗ​របស់​គេ​ក៏​បាន​បាត់​ចេញ​ពី​ឧស្សាហកម្ម​សិល្បៈជប៉ុន​ផង​ដែរ៕

Share.