សិល្បៈជាតិ៖ ចាងហ្វាងរបស់ផលិតកម្ម LD នៅតែបន្តជំហរ និងប្រកាសបន្តឆន្ទៈ​ផ្សព្វផ្សាយពីវប្បធម៌ដូនតាខ្មែរក្នុងភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» បើទោះជាគិតមកទល់ពេលនេះ ពាក្យរិះគន់វែកញែកពីមាត់អ្នកលេងបណ្ដាញសង្គមរបស់ជនជាតិផ្ទះលេខ២ នៅតែបន្តលើកឡើងមិនដាច់ថា ភាពយន្តមួយនេះជាភាពយន្តចម្លង ឬ Copy ពីភាពយន្តនាងនាត ឬក៏ភាពយន្ត Pee Mark របស់ពួកគេ ។

យ៉ាងណាមិញ បើទោះបីជាម្ចាស់ផលិតកម្ម LD ចេញការអះអាងពន្យល់បកស្រាយជាច្រើនលើកច្រើនសារយ៉ាងណាក្ដី ក៏ជនជាតិផ្ទះលេខ២ ពួកគេមិនខ្វល់ និងទទួលស្គាល់ឡើយថា កូនខ្មែរអាចផលិតភាពយន្ត Original បានដោយខ្លួនឯង ឬមានសមត្ថភាពខ្លាំងជាងពួកគេ ព្រោះថា ក្នុងគំនិតរបស់ពួកគេភាគច្រើន ពួកគេប្រកាន់តែមតិ និងគំនិតពួកដោយចោទថា ខ្មែរពូកែខាងចម្លង។ បើតាមការកត់សម្គាល់តាំងពីថ្ងៃបញ្ចេញការផលិតភាពយន្តនេះ រហូតមកទល់ពេលនេះ ភាពចម្រូងចម្រាស់ចំពោះភាពយន្តមួយនេះតាមរយៈលើកការបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ នៅតែបន្តជះរលកកំដៅនៅលើបណ្ដាញសង្គមហ្វេសមិនថយ ជាពិសេសការវែកញែករបស់ជនជាតិផ្ទះលេខ២ ដែលហេតុការណ៍ប្រហែលជាពិបាកក្នុងការពន្លត់បន្តិច បើទោះបីជាភាពយន្តខ្មែរខ្នាតធំមួយនេះកាន់តែកៀកដល់ថ្ងៃជិតបញ្ចាំងក្ដី។

ដោយឡែកថ្មីៗនេះ លោក លៀក លីដា ដែលផលិករផលិតភាពយន្តខ្នាតធំ «ប្រវត្តិស្នេហ៍នាងនាថ» បានបញ្ចេញសារជាសំណេរមួយទៀតនៅលើហ្វេសប៊ុក អមជាមួយរូបភាព Poster ថ្មីមួយសន្លាងមួយដោយរៀបរាប់ថា ៖ « វប្បធម៌របស់ខ្ញុំ គឺខ្ញុំមានតួនាទីជាអ្នកចូលរួមចងក្រងនិងរៀបចំ។ អ្នកដែលថាខ្ញុំ copy គឺជារឿងរបស់អ្នក តែខ្ញុំចង់ក្រងនូវអ្វីដែលប្រទេសរបស់ខ្ញុំមានគឺជារឿងរបស់ខ្ញុំ។ រឿងប្រវត្តិស្នេហ៍នាងនាថ វគ្គយុវជនក្រោយសម័យអង្គរ គឺជារឿងស្នេហាកំប្លែងដែលយើងបានដាក់បញ្ចូលនូវរសជាតិប្លែកជាមួយនឹងវប្បធម៌របស់ដូនតាខ្មែររបស់ខ្ញុំ ដែលយើងបានអភិវឌ្ឍន៍និងលើកតម្កើងវប្បធម៌តាមរយៈការច្នៃប្រឌិតថ្មី ដោយរក្សានៅអត្តសញ្ញាណវប្បធម៌ដូនតាដូចជា ក្បាច់គុនបុរាណខ្មែរ ការត្បាញសូត្រនិងខ្លឹមសារនៃការអប់រំនៃសន្តិភាព។»

សូមជម្រាបបញ្ជាក់ដែរថា តាមសម្ដីក្រុមការងាររបស់ផលិតកម្ម LD បានបញ្ជាក់មកសារព័ត៌មានត្រយងថា ភាពយន្ត«ប្រវត្តិស្នេហ៍នាងនាថ» គ្រោងនឹងដាក់បញ្ចាំងឱ្យមហាជនបានចូលទស្សនានៅក្នុងរោងភាពយន្តក្នុងប្រទេសកម្ពុជានៅអំឡុងខែ សីហា ខាងមុខនេះ ប្រសិនបើគ្មានការប្រែប្រួលដោយលក្ខខណ្ឌណាមួយ។ ម្នាក់រំពឹងថា ស្នាដៃដ៏ថ្មីសន្លាងមួយនេះ នឹងកាន់តែនាំរូបភាពពិតពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិឱ្យថែមមួយកម្រិតទៀត៕

Share.