សិល្បៈអន្តរជាតិ៖ ត្បិត​កម្មវិធី​ Met Gala Red Carpet 2024 ដែល​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា កន្លង​ទៅ​​ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ចំណាប់​អារម្មណ៍​លើ​តារា​ស្រី Camila Cabello នៅ​តែ​ត្រូវ​បាន​សាធារណជន​​លើក​យក​មក​ជជែក​ជា​ប្រធានបទ​ នោះ​ក៏ព្រោះ​តែ​កាបូបទឹក​កក​ដ៏​ប្រណិត ស្អាត ប្លែក ​ដែល​នាង​បាន​កាន់​ដើរ​នា​រាត្រី​នោះ​។

នៅ​ក្នុង​រាត្រី​សមោសរ​នៃ​កម្មវិធី​ Met Gala Red Carpet 2024 ដែល​រៀបចំ​ឡើង​ក្រោម​មូលបទ​ «The Garden of Time» និង «Sleeping Beauties: Reawakening Fashion» ទើប​ធ្វើ​ឱ្យ​តារា​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​ក្នុង​សំលៀកបំពាក់​ដែល​ស្រប​ទៅ​តាម​លំនាំ​នៃមូលបទ​កម្មវិធី​។ នៅ​ក្នុង​ចំណោម​តារា​ស្រស់ស្អាត និង​ស្រស់សង្ហា ដ៏ច្រើន​ស្អេកស្កះ​គ្នា​នោះ​ Camila Cabello បាន​បង្ហាញវត្តមាន​នៅ​ក្នុង​សំលៀកបំពាក់​ជា​រ៉ូបដែល​មាន​ទម្ងន់​រហូត​ដល់​ ១៥ ផោន គិតជាគីឡូ ប្រមាណ​ជិត ​៧គីឡូ រចនា​​យ៉ាង​ប្រណិត​ដោយ​ត្បូង​គ្រីស្ដាល់​២៥០០០​គ្រាប់​ ពេញ​មួយ​តួខ្លួន​តែម្ដង​។

ក្រៅ​ពី​រ៉ូប​ដែល​ស្លៀក​ទាក់ភ្នែក​អ្នក​ចូលរួម​ហើយ​នោះ​ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នោះ​ទៀត​គឺ​ កាបូបដៃ​តូចច្រឡឹងបង្កប់ទៅ​ដោយ​ផ្កាកុលាប​មួយ​ទងមាន​រាងជាចតុកោណកែង។ ត្បិត​ថា​មើល​ទៅ​ឃើញ​សាមញ្ញ​ អាច​គិត​ថាគ្រាន់តែ​ជា​ដុំ​ទឹកកក​បង្កប់​ផ្កា​កុលាប​មួយ​ទងក៏ពិតមែន​ ប៉ុន្តែ​តម្លៃ​របស់​វាវិញ​នោះ​មិន​ធម្មតា​នោះ​ឡើយ​ ព្រោះ​វាមាន​តម្លៃ​ខ្ពស់​រហូត​ដល់​២២.៥​ម៉ឺន​ដុល្លារ​ឯណោះ។

គួរដឹងថា​ ដើម្បី​អាចច្នៃ​ និង​ ​រចនា​ កាបូប​ដ៏​ស្អាត​និង​ប្លែក​ភ្នែក​នេះ​បាន​ អ្នក​រចនា​បាន​ចំណាយពេល​សរុប ​៨៥ម៉ោង ធ្វើដោយដៃ ដោយ​សាច់កាបូបគេ​យកទឹកពី NEVAS នៅប្រទេសអាឡឺម៉ង់ និងផ្កាកុលាបធ្វើដោយដៃជាមួយនឹងខ្សែមាសសុទ្ធ 18k តុបតែងដោយពេជ្រកាត់យ៉ាងល្អឥតខ្ចោះដែលមានទំងន់ ០.៥០ ការ៉ាត់៕

Share.