ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាព​ឆក់ទុរសព្ទដៃមួយគ្រឿងកាលពីថ្ងៃទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅចំណុច ភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីឆក់ទូរសព្ទដៃពីនារីរងគ្រោះ ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចុះដល់ទីកន្លែងកើតហេតុ និងដោយបានសហការល្អពីប្រជាពលរដ្ឋ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ ចាន់ ឧត្តម ហៅក្រៅ រិទ្ធ ភេទប្រុស អាយុ២៥ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីចាត់ការតាមមតិវិធី។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ឈ្មោះ ដេត (រត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីនារីជនរងគ្រោះតែមិនបានសម្រេច នៅចំណុចខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

អត្ថបទ៖ ចតុមុខ

Share.