ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី១០ ក្នុង​វគ្គ​ចែក​ពូល​នៃ​ពានរង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ាន AFF Championship ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ស្រប​តាម​ម្ចាស់​ឧបត្ថម្ភ​ ថា ASEAN Mitsubishi Electric Cup ខណៈ​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​តាំង​ពី​​១៩៩៦ មក ដោយ​មាន​ឈ្មោះ​ថា AFF Tiger Cup ហើយ​ក្រោយ​មក​ប្តូរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup។

ក្រុមជម្រើសជាតិកម្ពុជា (ខៀវ) ប្រកួតទល់ហ្វីលីពីន (ស)ក្នុងប្រកួតបើកឆាក​កាលពីឆ្នាំ​២០២២

បើ​តាម​អ៊ីម៉ែល​ដែល​សារព័ត៌មាន​ត្រយង ទទួល​បាន​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន បាន​បញ្ជាក់​ថា​​ពានរង្វាន់ASEAN Mitsubishi Electric Cup ឆ្នាំ​២០២៤ នេះ​នឹង​ដំណើរការ​ពី​ថ្ងៃ​ទី​២៣ ខែ​​វិច្ឆិកា ដល់​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្រប​ពេល​ដែល​ប្រទេស​ជា​សមាគមន៍​អាស៊ាន រួម​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្រុម​ចំនួន​១១ បែងចែក​ការប្រកួត​ជា​២​ដំណាក់កាល ដោយ​ក្នុង​នោះ៖
*ដំណាក់កាល​ទី១៖ វគ្គ​ជម្រុះ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត (អ្នក​ឈ្នះ​ឡើង​ទៅ​ដំណាក់កាល​ទី២)
*ដំណាក់កាល​ទី២៖ វគ្គ​ជម្រុះ​តាម​ពូល​បន្ត​ទៅ​រក​ជើង​ឯក មាន​ក្រុម​រង់​ចាំ​ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ​វៀតណាម និង​ក្រុម​ឈ្នះ​នៅ​ដំណាក់កាលទី១ ចំនួន១ក្រុម (ទីម័រខាងកើត ឬ ប្រ៊ុយណេ)។

ក្រុម​ទាំង​អស់​​នឹង​ចាប់​ឆ្នោត​បែង​ចែក​ជា​២ពូល ដោយ​ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២រសៀល នៅ​ជាន់​ទី​៧១ នៃ​សណ្ឋាគារ The InterContinental Hanoi Landmark72 ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម។ ការ​ចាប់​ពូល​នេះ​ក៏​មាន​ផ្សាយផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ាន ផង​ដែរ។

ក្រុមអ្នកគាំទ្រ​ជម្រើសជាតិកម្ពុជា

សហព័ន្ធ​បាល់ទាត់​អាស៊ាន បាន​​បង្កើត​ពានរង្វាន់ AFF Championship នេះ​រាល់​២ឆ្នាំ​ម្តង​គិត​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ស្រប​ពេល​ដែរ​​ប្រទេស​ចំនួន​៤​ធ្លាប់​គ្រង​ជើង​ឯក ក្នុង​នោះ​ថៃ ឈ្នះ​បាន​៧លើក សិង្ហបុរី ឈ្នះ​៤លើក វៀតណាម ឈ្នះ​បាន​២លើក និង​ម៉ាឡេស៊ី ឈ្នះ​បាន​១លើក។

អត្ថបទពាក់ព័ន្ធ៖អបអរសាទរ! ក្រុមជម្រើសជាតិថៃ ក្លាយជាម្ចាស់ជើងឯក AFF Championship ២០២២

សម្រាប់​កម្ពុជា ធ្លាប់​ចូលរួម​ការ​ប្រកួត​វគ្គ​ចែក​ពូល​នេះ​ចំនួន​៩​លើក​មក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូល​នៅ​ឡើយ​នោះ​ទេ៕

Share.