​ការ​ប្រកួត​បាល់ទាត់​​​ជើងឯក​ខេមបូឌាន​លីគ​យុវជន ឆ្នាំ​២០២៤ ​​ដោយ​មាន ​២​កម្រិត​អាយុ​ផ្សេង​គ្នា​គឺ លីគ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​លីគ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ នឹង​ចាប់​ផ្ដើមប្រកួត​ពី​ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ក្នុង​នោះសារព័ត៌មានត្រយង នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ការ​ប្រកួត​រវាង ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ វិសាខា ទល់នឹង​យុវជនសាលាបាល់ទាត់​ជាតិ​បាទីអាយុ១៦ឆ្នាំ ដោយការប្រកួត​នឹង​ធ្វើ​ឡើងនៅមជ្ឍមណ្ឌលហ្វឹកហាត់វិសាខា វេលាម៉ោង ៣:៣០នាទីរសៀលតទៅ។

សម្រាប់​ការ​ចាប់​ផ្តើម​រដូវ​កាល​ដំបូង​ ​លីគ​យុវជន​អាយុ​១៩​ឆ្នាំ​ ​មាន​ក្រុម​ ១០​ចូល​រួម​ប្រកួត មាន​ដូច​ជា៖​ ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់​ខេមរភូមិន្ទ​, អង្គរថាយហ្គឺរ, ព្រះ​ខ័នរាជ​ស្វាយរៀង, ភ្នំពេញ​ក្រោន, វិសាខា, ISI ដង្កោសែន​ជ័យ, បឹងកេត, សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ១៨​ឆ្នាំ និង សាលាបាល់ទាត់​ជាតិ​បាទីអាយុ១៦ឆ្នាំ។

ដោយឡែក​សម្រាប់​លីគ​យុវជន​អាយុ​​ក្រោម​១៦​ឆ្នាំ​ មាន​១០​ក្រុម​ចូល​រួម​ប្រកួត មាន​ដូច​ជា៖ យុវជន​ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់​ខេមរភូមិ​, អង្គរថាយហ្គឺរ, ព្រះ​ខ័នរាជ​ស្វាយរៀង, ភ្នំពេញ​ក្រោន, វិសាខា, ISI ដង្កោសែន​ជ័យ, បឹងកេត, សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ​១៥​ឆ្នាំ និង ក្លិប​សៀមរាប យូណាយធីត។

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

Share.