មាន​ការ​ចែក​រំលែក​​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ដោយ​លើក​យក​​សមាជិក​របស់​ក្រុម​​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​ក្លិប​វិសាខា ១​រូប គឺប្រធាន​ក្រុម ធិន យ៉ុងប៊ិន ថា​លើស​អាយុ​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

កីឡាករ ធិន យ៉ុងប៊ិន ពាក់ស្លាកប្រធានក្រុមរបស់វិសាខា

ជុំ​វិញ​ការ​​ចោទ​​ឡើង​បែប​នេះ​លោក មាស ចាន់ណា នាយក​បច្ចេកទេស​​ក្លិប​បាល់ទាត់​វិសាខា បាន​ឆ្លើយ​តប​ថា៖«ការ​ប្រើប្រាស់​បណ្តេញ​សង្គម​មាន​មនុស្ស​ច្រើន​នាក់​ណាស់​មិន​​បំពេញ​ព័ត៌មាន​ជាក់​លាក់​របស់​ខ្លួន​ឡើយ។ សម្រាប់​បញ្ហា​កីឡាករ​របស់​ក្លិប​យើង​រង​ការ​ចោទ​ប្រកាន់​គឺ​យើង​មាន​ឯកសារ​ច្បាស់​លាស់​ពី​ភាព​ត្រឹមត្រូវ​របស់​​គាត់ ទាំង​កាត​សិស្ស, សៀវភៅ​គ្រួសារ និង​សំបុត្រ​កំណើត ជាដើម»។

ថ្ងៃខែឆ្នាំកំណើតកក្នុងឯកសារផ្លូវការរបស់កីឡាករ ធិន យ៉ុងប៊ិន

លោក​​បន្ត​ថា៖«សម្រាប់​ក្លិប​យើង​ផ្ទាល់ ថ្នាក់ដឹកនាំ​បាន​ចំណាយ​ធនធាន​ជា​ច្រើន​ដើម្បី​​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​​បាល់ទាត់​ក្នុង​ស្រុក​ឱ្យ​រីកចម្រើន​កាន់​តែ​លឿន​រហ័ស។ ដូច្នេះ​យើង​ពិនិត្យ​ច្បាស់​លាស់​​​នៅ​ពេល​បញ្ចូល​សមាជិក​ថ្មី​ក្នុង​ឈុត​យុវជន ដោយ​មាន​ឯកសារ​បញ្ជាក់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជាក់​លាក់ និង​មាន​ការ​ធានា​ពី​ឪពុកម្ដាយ​ឬ អាណាព្យាបាល​របស់​ក្មេង​ថា​ព័ត៌មាន​របស់​គាត់​ត្រឹមត្រូវ។ យើង​ទទួល​រ៉ាប់រង​ការ​ស្នាក់​នៅ ហូបចុក រៀនសូត្រ ហ្វឹកហាត់​របស់​ពួក​គាត់​ទាំង​អស់​។ តើ​មាន​ឆ្ងល់​ទេ​ថា ទន្ទឹម​​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ចាំបាច់​​យើង​ទៅ​ពាក់ព័ន្ធ​​នឹង​រឿង​អវិជ្ជមាន​​បែប​នេះ បែប​នោះ​ធ្វើ​អ្វី?»។

បុរស​កាន់​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក​កម្រិត​ទ្វីប​អាស៊ី AFC A License រូប​នេះ​បន្ថែម​ថា៖«ពេល​ខ្លះ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ ប្រៀប​ដូច​មិន​ឱ្យ​តម្លៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដូច្នេះ​ដែរ។ សហព័ន្ធ​​គាត់​មាន​ System ចុះ​បញ្ជី​កីឡាករ​ត្រឹមត្រូវ បើ​ក្មេង​លើស​អាយុ​គាត់​មិន​ចុះ​អោយ​ទេ។ បើ​​មាន​ភស្តុតាង​ជាក់​លាក់​​អាច​ប្តឹង​តវ៉ា​ទៅ​សហព័ន្ធ​បាន ខ្ញុំ​ក៏​គាំទ្រ​ដែរ​ បើសិន​មាន​បញ្ហា​កើត​ឡើង​​មិន​ថា​ក្រុម​ខ្ញុំ ឬ ក្រុម​​គេ​ផ្សេង ព្រោះ​នេះ​ជា​ការ​ប្រកួត​សម្រាប់​បណ្ដុះ​យុវជន​ថ្នាល។ បើ​សិន​ជា​ព្យាយាម​បង្កើត​រឿង​​ចោទ​នេះ​ ចោទ​នោះ ទាំង​ក្មេង​​មិន​មាន​កំហុស​ ប្រៀប​ដូច​បំបាក់​ស្មារតី​ក្មេង ពី​ក្រោយ​ខ្នង​អីចឹង»។

ក្រុម U16 វិសាខា ថតរូបជុំគ្នា

លោក​ មាស ចាន់ណា សំណូមពរ​​ដល់​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​​ជាតិ​សូម​ជួយ​លើក​ទឹកចិត្ត​ដល់​ប្អូនៗ​ជា​​កីឡាករ​ឱ្យ​បាន​ច្រើន​ជា​ជាង​បន្ទោស​បង្អាប់​ព្រោះ​ថា​​ពួក​គាត់​​គឺ​ជា​ផ្នែក​មួយ​នៃ​អនាគត​របស់​បាល់ទាត់​កម្ពុជា ដោយ​ត្រូវ​ការ​​​ជំរុញ​ពី​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​តាំង​ពី​ថ្នាក់ដឹកនាំ ​​ក្រុម​ការងារ​​គ្រូ​បង្វឹក អាណាព្យាបាល មិត្ត​រួមក្រុម និង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​គឺ​អនុញ្ញាត​ឱ្យ​ក្លិប​បាល់ទាត់​ជា​សមាជិក​អាច​ចុះ​បញ្ជី​​កីឡាករ​មាន​កើត​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨, ​២០០៩, ២០១០។ ចំណែក​កីឡាករ​ដែល​រង​ការ​ចោទ​ប្រកាន់​គឺ​កើត​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែល​ស្ថិត​នៅ​ក្នុង​​ការ​អនុញ្ញាត​នៃ​ការ​ចុះ​បញ្ជី​កីឡាករ​បាន។

ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​រៀបចំ​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​១០​ក្រុម ប្រកួត​ប្រជែង​ចំនួន​២ជុំ​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៤ក្រុម បន្ត​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ និង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Share.