បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ នេះ បានទទួលយកបណ្តឹងទាមទារឱ្យដកតំណែង លោក ស្រេតថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្រ្តី ដោយសារតែការតែងតាំងរដ្ឋមន្ត្រី ទៅឱ្យអតីតមេធាវីដែលមានជាប់រឿងក្ដីព្រហ្មទណ្ឌ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា លោក Pichit Chuenban បាន​លាលែង​ពី​តំណែង​រួចទៅហើយកាលពី​ថ្ងៃ​អង្គារ​​ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ការពារ លោក ស្រេត​ថា ពី​សំណុំរឿង​របស់​តុលាការ។

ការសម្រេចចិត្តតុលាការធម្មនុញ្ញនៅពេលនេះ នឹងក្លាយជាការរង្គោះរង្គើដល់រដ្ឋាភិបាលថៃ បន្ទាប់ពីមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ៣នាក់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលបច្ចុប្បន្ន ថៃកំពុងប្រយុទ្ធដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលមិនទាន់ដំណើរការបានល្អនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០លាននាក់។

លោក Pichit គឺជាជំនួយការជិតស្និទ្ធរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ជាយូរយារណាស់មកហើយ ។ ក្នុង​នាម​ជា​មេធាវី លោកបាន​ចាញ់​ក្តីក្នុង​សំណុំរឿង​ធំ​ៗ ​ប្រឆាំង​នឹង​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង​លោក ថាក់ស៊ីន ជា​ស្ថាបនិក​នៃគណបក្ស​ភឿថៃដែល​កំពុង​កាន់​អំណាច។

លោក ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែកាលពីឆ្នាំ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២លានបាត (៥៥,២១៨ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោក ត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃ ព្យួររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានករណីនេះ ។

យ៉ាងណាម៉ិញ សមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលបានដាក់ញត្តិទៅតុលាការបាននិយាយថា លោក ស្រេតថា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ។

សូមជម្រាបថា លោក ស្រេតថា មិន​ត្រូវ​បាន​ព្យួរ​ពី​តួនាទី ដោយ​រង់ចាំ​សាលក្រម​ក្នុង​សំណុំ​រឿង​នេះ​ ដូច​ដែល​ត្រូវ​បាន​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា​មួយ​ក្រុម​ដែល​បាន​ត្អូញត្អែរ​ថា ការ​តែង​តាំង​​លោក Pichit Chuenban ជារដ្ឋមន្រ្តីទីស្ដីការនាយករដ្ឋមន្រ្តី កាលពី​ខែ​មុន​ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ ខណៈរដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ៕

ប្រភព៖ Reuters

Share.