ព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍លេខ៣ កាលពីវេលាម៉ោង១២ៈ៣០នាទីថ្ងៃទី២៣ឧសភា ឆ្នាំ២០២៤ បានចុះល្បាតតាមភូមិសាស្ត្រស្មុគស្មាញ ស្ថិតនៅចំណុចក្រុម១១ ភូមិ០៣ សង្កាត់០៣ បានឃើញសកម្មភាពក្រុមជួញដូរថ្នាំញៀននៅកណ្តាលវាល ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់មកសួរនាំ ហើយក៏ឈានទៅបំបែកសម្បុកក្រុមជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានចំនួន១២នាក់បន្ថែមទៀត។

សមត្ថកិច្ចបានឱ្យដឹងបន្តថា អ្នកឈរលក់ថ្នាំញៀននៅកណ្តាលវាលនោះ មានឈ្មោះចាន់ កុសល ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ស្នាក់នៅភូមិ០១ សង្កាត់០១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ ចំពោះវត្ថុតាងដែលអាជ្ញាធរចាប់បានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ និងទូរសព្ទដៃ០១រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត។

ដោយឡែក ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីគ្រឿងញៀនដទៃទៀតបាន១២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ទី១.ជនសង្ស័យឈ្មោះ ហ៊ុន ចន្នី មានមុខរបរជាសន្តិសុខ ស្នាក់នៅ សង្កាត់០៣ និងមានស្រុកកំណើត ភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី២.ជនសង្ស័យឈ្មោះ រស់ សម្បូរ មានមុខរបរជាសន្តិសុខ ស្នាក់នៅភូមិ០១ សង្កាត់០១ និងមានស្រុកកំណើតនៅស្រុកដូនកែវ ខេត្តតាកែវ។ ទី៣.ជនសង្ស័យឈ្មោះ នន សាវ៉ាន់ មានមុខរបរជាអ្នករត់តុ ស្នាក់នៅសង្កាត់០៣ និងមានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី៤.ជនសង្ស័យឈ្មោះ ណាត ណែត មានមុខរបរជាកម្មករសំណង់ ស្នាក់នៅសង្កាត់០២  និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

ទី៥.ជនសង្ស័យឈ្មោះ ញឹល ប៊ុនហួរ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិ០១ និងមានស្រុកកំណើតនៅឃុំក្រាំស្បូវ ស្រុកឈូក ខេត្តកំពត។ ទី៦.ជនសង្ស័យឈ្មោះ ជួន ឃីងឃ័រ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម អ្នកទាំងបីនាក់នេះ មិនព្រមសហការជាមួយសមត្ថកិច្ចឡើយ។ ទី៧.ជនសង្ស័យឈ្មោះ ស្រី វិច្ឆិកា មានមុខរបរជាចុងភៅ ស្នាក់នៅភូមិ០៥ សង្កាត់០៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ។ ទី៨.ជនសង្ស័យឈ្មោះ ឡាច សម្បត្តិ មានមុខរបរជាអ្នកលក់ដូរ ស្នាក់នៅសង្កាត់០៤  និងមានស្រុកកំណើតនៅឃុំចុងកៅស៊ូ ស្រុកសៀមរាប ខេត្តសៀមរាប។ ទី៩.ជនសង្ស័យឈ្មោះ កែវ សុគុណ មានមុខរបរជាចុងភៅ ស្នាក់នៅសង្កាត់០៣ និងមានស្រុកកំណើតនៅស្រុកសៀមរាប ខេត្តសៀមរាប។

ទី១០.ជនសង្ស័យឈ្មោះ អាន ឡា មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិ០៣ និងមានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពត។ ទី១១.ជនសង្ស័យឈ្មោះ សុង រិនដា មានមុខរបរជាផ្សារដែកស្នាក់នៅភូមិ០៣  និងមានស្រុកកំណើតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។ ទី១២.ជនសង្ស័យឈ្មោះ នឹម សុធា មានមុខរបរជាជាងជួសជុលរថយន្ត ស្នាក់នៅភូមិ០២ និងមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅមណ្ឌលកែប្រែ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.