ព្រះវិហារ ៖ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់អ្នកបើកបរម្នាក់ នឹងបានស្លាប់ ក្រោយពេលបញ្ជូនមកដល់មណ្ឌលសុខភាពសែនតេជៈ កាលពីនៅវេលាម៉ោង ៦៖១៦ នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ។

សពជនរងគ្រោះមានឈ្មោះ ថោង ចន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងសកម្មភាពភ្ជួរដីចំការបំរុងដាំដំឡូងមី។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

Share.