កណ្តាល ៖ រថយន្តALPHARDមួយគ្រឿងត្រូវបានជនសង្ស័យធ្វើសកម្មភាពលួច ព្យាយាមបើករត់គេចចេញពីស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ច ទាំងកម្លាំងស្នងការខេត្តកណ្តាល ទាំងរាជធានីភ្នំពេញ បង្កឱ្យភ្ញាក់ផ្អើល ទីបំផុតត្រូវបានកម្លាំងស្នងការខេត្តកណ្តាល ប្រដេញស្ទាក់ចាប់បានទាំងរថយន្ត ទាំងជនសង្ស័យចំនួន២នាក់ កាលពី៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចព្រំប្រទល់រវាងស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល ។

រថយន្តដែលជនសង្ស័យលួចយកម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-6820 ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងខាងលើ ចេញពីឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានសម្រេចហើយព្យាយាមបើករត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល កម្លាំងស្នងការខេត្តកណ្តាល កម្លាំងស្នងការក្រុងភ្នំពេញ សហការប្រដេញស្ទាក់ ទីបំផុតត្រូវបានកម្លាំងនៃស្នងការខេត្តកណ្តាល ស្ទាក់ចាប់បាន នៅតាមផ្លូវជាតិលេខ១ ចំណុចព្រំប្រទល់ រវាងស្រុកកៀនស្វាយ និងស្រុកលើកដែក ។

ក្រោយពីបង្ក្រាបចាប់ខ្លួនបាន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។ ចំណែកបក្ខពួកជនសង្ស័យចំនួន២នាក់ទៀត រត់គេចបាត់ កម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ តាមចាប់ខ្លួន ។

អត្ថបទ៖ ទូច វិច្ឆិកា

Share.