គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហាឆ្នាំ២០២៤ខាងមុខ នេះ។

នេះបើតាមការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ សមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ការពន្លឿនការសាងសង់គម្រោងព្រែកជីក ហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើក ឡើងទាំងនោះថា «ជាការស្រមើស្រមៃ»។

គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរនិងទុន មួយផ្នែក ទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។

សម្តេចនាយករដ្ឋមន្ត្រីចាត់ទុកថា គម្រោងព្រែកជីកហ្វូណនជាគម្រោងដ៏ពិសេស ជាងគម្រោងផ្សេងៗ ព្រោះមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនខ្មែរទូទាំង ពិភពលោក ជាគម្រោងដែលមានលក្ខណៈជាតិនិយម។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយ ទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យ ដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាត ផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយ បង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

យ៉ាងណាក៏ដោយសម្រាប់ក្រុមប្រឆាំងដែលនៅក្រៅប្រទេសមួយចំនួនបាននិងកំពុងតែបន្តលើកឡើងថា គម្រោងដ៏មហិមានៅសម័យកម្ពុជាទំនើបនេះ បម្រើឲ្យផលប្រយោជន៍ចិន ដែលជាមិត្តដែកថែបរបស់កម្ពុជាច្រើនជាង ផលប្រយោជន៍ខ្មែរ។

ការលើកឡើងនោះ ត្រូវបានបំភ្លឺជាច្រើនលើករួចមកហើយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតីហ៊ុន ម៉ាណែត រួមទាំងសម្តេចប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រី គឺ សម្តេចតេជោហ៊ុន សែន៕

Share.